(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ម៉ឹង សំផន រដ្ឋលេខាធិការក្រសួងការពារជាតិ និងជាប្រធានក្រុមការងារជួយសង្គ្រោះគ្រោះមហន្តរាយ ក្រសួងការពារជាតិ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ បានចុះពិនិត្យ និងបន្តជួយរុករកជនរងគ្រោះនៅក្នុងគំនរអគារបាក់រលំ ដែលស្ថិតនៅក្នុងព្រះសីហនុ ខេត្តព្រះសីហនុ។
ក្នុងការចុះពិនិត្យ និងបន្តជួយរុករកជនរងគ្រោះ ក្នុងគំនរអគារបាក់រលំដែលដឹកនាំដោយ នាយឧត្តមសេនីយ៍ ម៉ឹង សំផន នេះមានការចូលរួមពីសំណាក់ កងកម្លាំងចម្រុះស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរដែនដីជាច្រើនរូប ដើម្បីធ្វើយ៉ាងណាខិតខំ និងពន្លឿនក្នុងកិច្ចប្រតិបត្តិការសង្គ្រោះជនរងគ្រោះ។
ក្នុងនោះដែរ លោកឧត្តមសេនីយ៍ទោ ហ៊ុល សំអុន មេបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩ ដែលបានអមដំណើរនាយឧត្តមសេនីយ៍ ម៉ឹង សំផន ចុះពិនិត្យ និងបន្តជួយរុករកជនរងគ្រោះ ក្នុងគំនរអគារបាក់រលំ បានឲ្យដឹងថា ខាងទីបញ្ជាការកងពលតូចដឹកជញ្ជូនលេខ៩៩របស់លោក បានបញ្ជូនកម្លាំងទាហានចំនួន៣៥រូប ចូលរួមសហការក្នុងប្រតិបត្តិការរុករកនេះ ហើយក្នុងនោះដែរ បានបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន១គ្រឿង រថយន្តដឹកសពចំនួន៦គ្រឿង និងម៉ាស៊ីនកាត់ដែក កាត់បេតុងចំនួន៥គ្រឿង ដើម្បីចូលរួមក្នុងប្រតិបត្តិការនេះ។
សូមបញ្ជាក់ថា បើគិតមកដល់ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២៥នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញ សាកសពបុរសម្នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ។ តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៩នាក់ ក្នុងនោះស្លាប់ចំនួន២៥នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្ម ស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត៕