(ព្រះសីហនុ)៖ ក្រុមប្រតិបត្តិការសង្គ្រោះបានឲ្យដឹងថា គិតត្រឹមម៉ោង៦៖៣០នាទី ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់២៤នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរស៣នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤៨នាក់ ក្នុងនោះស្លាប់ចំនួន២៤នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនុស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។
សូមជម្រាបថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្ទាប់ពីត្រឡប់មកពីចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃ ដល់មាតុភូមិកម្ពុជាវិញ មិនបានប៉ុន្មានម៉ោងផង ក៏ធ្វើដំណើរទាំងយប់ឆ្ពោះទៅកាន់ក្រុងព្រះសីហនុ ដើម្បីពិនិត្យមើលស្ថានភាព នៃការជួយសង្គ្រោះមនុស្សចេញពីគំនរអគារដែលបាក់រលំអគារ ដែលកើតឡើងកាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងក្រុងព្រះសីហនុ៕