(ភ្នំពេញ)៖ គម្រោងខុនដូបែប Smart Buliding របស់ក្រុមហ៊ុនចិន Ding Li Building នឹងលេចចេញជារូបរាងនៅក្នុងប្រទេសកម្ពុជានៅចុងឆ្នាំ២០២០នេះ។
ថ្លែងក្នុងកម្មវិធីបើកសម្ពោធលក់គម្រោងខុនដូបែប Smart Buliding នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ លោកស្រី ចុង សៀម៉ី អគ្គនាយកនៃក្រុមហ៊ុន Ding Li Building បានឲ្យដឹងថា គម្រោងខុនដូ Ding Li នេះបានចំណាយទុនប្រមាណ៤០លានដុល្លារ ហើយនេះជាគម្រោងទី១របស់ក្រុមហ៊ុនរបស់ខ្លួននៅកម្ពុជាផងដែរ។
លោកស្រីបន្ដថា ដោយឡែកសម្រាប់ការបើកគម្រោងខុនដូនេះនឹងរំពឹងថា នឹងផ្ដល់សេវាកម្មជាច្រើនដល់អតិថិជនកម្ពុជា។ លោកស្រីថា ការសម្រេចវិនិយោគលើគម្រោងខុនដូនៅកម្ពុជានេះ ធ្វើឡើងបន្ទាប់ពីសំលឹងឃើញថា ប្រទេសកម្ពុជា និងប្រទេសចិនមានទំនាក់ទំនងល្អទៅវិញទៅមក និងដើម្បីនាំយកបច្ចេកទេស ពីប្រទេសចិនមកផ្សព្វផ្សាយនៅកម្ពុជា។
លោកស្រីបន្ថែមថា «ការសម្រេចវិនិយោគលើគម្រោងខុនដូបែប Smart Buliding គឺដោយសារតែសំលឹងឃើញថា ប្រទេសកម្ពុជាជាប្រទេសដែលអភិវឌ្ឍន៍ ដូចបណ្ដាប្រទេសដទៃ ហើយការប្រើប្រាស់បច្ចេកទេសដ៏ឆ្លាវ័យនេះគឺ នៅក្នុងប្រទេសកម្ពុជាក៏មិនសូវមានទូលំទូលាយផងដែរ។ ជាក់ស្ដែងខ្ញុំជាជនជាតិចិន ហើយនៅក្នុងប្រទេសចិនមានបច្ចេកទេសនេះហើយខ្ញុំគិតថា បច្ចេកវិទ្យានេះពិតជាមានភាពងាយស្រួល»។
លោកស្រីបញ្ជាក់ថា គម្រោងនេះនឹងដំណើរការនៅខែតុលា ឆ្នាំ២០២០ខាងមុខនេះ ដែលមានកម្ពស់១១៩ម៉ែត្រការ៉េ និងមាន៣៧ជាន់៕