Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខេត្តត្បូងឃ្មុំ ផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះក្នុងឧបទ្ទេវហេតុដ៏សោកសង្រេង ក្នុងខេត្តព្រះសីហនុ ខណៈពលរដ្ឋខេត្តត្បូងឃ្មុំ៣នាក់ ជាកម្មកររងគ្រោះស្លាប់ម្នាក់ និងរបួស២នាក់

23-06-2019 22:56

(ភ្នំពេញ)៖ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះក្នុងឧបទ្ទេវហេតុដ៏សោកសង្រេង ក្នុងខេត្តព្រះសីហនុ។

ក្នុងសារលិខិតរំលែកទុក្ខ , ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ មានអារម្មណ៍ក្ដុកក្ដាលជាទីបំផុត ក្រោយពីទទួលដំណឹងដ៏សោកសៅ អំពីការបាក់រលំអគារ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបណ្តាលឲ្យអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។

ជាមួយដំណឹងដ៏អកុសលបំផុតនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ សូមសំដែងនូវការសោក ស្តាយជាពន់ពេក ចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងសូមបួងសួង ឲ្យដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ សូមជូនពរដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ឆាប់បានជាសះស្បើយកុំបីខាន។

ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ ក៏សូមកោតសរសើរ និងសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះក្រុមការងារជួយសង្គ្រោះ ដែលបាន លះបង់កម្លាំងកាយចិត្ត ដោយមិនខ្វាយខ្វល់ពីសុវត្ថិភាព និងការលំបាកផ្ទាល់ខ្លួន ក្នុងបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងសូមលើកទឹកចិត្តឲ្យបន្ត បេសកកម្មនេះ រហូតដល់ជនរងគ្រោះទាំងអស់ ត្រូវបានរកឃើញជាស្ថាពរ។

ថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំ សូមលើកទឹកចិត្តឲ្យមានការរួបរួមគ្នា នៅក្នុងកាលៈទេសៈ ដ៏លំបាកនេះ ដើម្បីបន្តជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះ ឲ្យអស់លទ្ធភាព តាមដែលអាចធ្វើទៅបាន ជាជាងការស្តីបន្ទោស ការចោទប្រកាន់ ឬការបរិហារគ្នាទៅវិញទៅមក៕