(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានធ្វើដំណើរចុះទៅកាន់ខេត្តព្រះសីហនុទាំងយប់ ដើម្បីដឹកនាំការរុករកជនរងគ្រោះនៅក្នុងគំនរអគារ ដែលដួលរលំ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើ Facebook នៅយប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះថា «ពេលនេះខ្ញុំកំពុងធ្វើរដំណើរទៅកាន់ខេត្តព្រះសីហនុ ដើម្បីចូលរួមក្នុងកិច្ចខិតខំប្រឹងប្រែងរុករក និងសង្គ្រោះជាបន្តជាមួយបងប្អូនដែលកំពុងធ្វើការនៅទីនោះស្រាប់»។
សម្តេចតេជោ ក៏បានអំពាវនាវដល់សប្បុរសជនមេត្តាជួយជាថវិកាដល់គ្រួសារនៃអ្នកបាត់បង់ជិវិត និងអ្នករបួសក្នុងហេតុការណ៍នេះ។
សូមបញ្ជាក់ថា រហូតមកដល់យប់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងជួយសង្គ្រោះមកពីគ្រប់ផ្នែកសរុបជាង ១ពាន់នាក់ នៅតែបន្តរុករកជនរងគ្រោះនៅក្រោមគំនរអគារដែលដួលរលំនៅក្នុងខេត្តព្រះសីហនុ។ តាមការបញ្ជាក់ពីរដ្ឋបាលខេត្តព្រះសីហនុ គំនរអគារនោះ ទើបនឹងរើចេញបានជាង ៥០ភាគរយប៉ុណ្ណោះ។
មកដល់យប់នេះរបាយការណ៍រដ្ឋបាលខេត្ត បានបង្ហាញថា មានជនរងគ្រោះ ១៨នាក់ស្លាប់បាត់បង់ជីវិត និង២៤នាក់រងរបួស។ គេមិនទាន់ដឹងថា នៅក្រោមគំនរអគារនោះមានមនុស្សទៀតឬយ៉ាងណានោះទេ?