(ព្រះសីហនុ)៖ ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ដែលអគារសំណង់រលំសង្កត់លើបានឲ្យដឹងថា គិតត្រឹមម៉ោង៤៖០០នាទីល្ងាចថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ តួលេខចំនួនអ្នកស្លាប់ និងអ្នករបួសនៅរក្សាដដែល គឺស្លាប់១៨នាក់ (ស្រី៤នាក់) និងរបួស២៤នាក់ (ស្រី២នាក់)។
អាជ្ញាធរបញ្ជាក់ថា សកម្មភាពជួយសង្គ្រោះដល់ជនរងគ្រោះ របស់កម្លាំងសរុបនៃរដ្ឋបាលខេត្តនៅតែបន្តសង្គ្រោះ រហូតដល់យកជនរងគ្រោះចេញ អស់ពីក្រោមគំនរបាក់បែកនៃអគារបាក់រលំ។
ចំពោះសពអ្នកស្លាប់ទាំង១៨នាក់ ត្រូវបានក្រុមអាជ្ញាធរខេត្តបានប្រគល់សពជូនសាច់ញាតិជនរងគ្រោះ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំណែកអ្នករងរបួស២៤នាក់ មាន២៣ស្នាក់នៅមន្ទីរពេទ្យបង្អែកខេត្ត និងម្នាក់របួសធ្ងន់បញ្ជូនទៅពេទ្យលោកសង្ឃ រាជធានីភ្នំពេញ។
អាជ្ញាធរខេត្តបានឲ្យដឹងថា នៅពេលនេះគំនរបែកបាក់ត្រូវបានក្រុមការងារជួយសង្គ្រោះធ្វើការកាយលើកចេញបានចំនួនប្រមាណជាង ៥០ ភាគរយហើយ។ ជាមួយគ្នានេះ បើសិន លោក លោកស្រី បាត់បងប្អូនសាច់ញាតិដោយសង្ស័យថាមានគ្រោះថ្នាក់ក្នុងឧបទ្ទវហេតុនេះសូមទំនាក់ទំនងសាកសួរព័ត៌មានតាមរយៈលេខទូរស័ព្ទ៖ ០១៦៥២៦៥២០, ០១៦៣២១០១០៕