(អូស្រ្តាលី)៖ នៅល្ងាចថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ នាទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី បងប្អូនប្រជាពលរដ្ឋខ្មែរ-អូស្ត្រាលី ដែលជាសមាជិក-សមាជិកា គណបក្សប្រជាជនកម្ពុជាកំពុងរស់នៅទីក្រុងស៊ីដនីជាង៦០០នាក់ បានជួបជុំគ្នា ដើម្បីប្រារព្ធពិធីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៨ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨-មិថុនា-១៩៥១-២០១៩) យ៉ាងសប្បាយរីករាយក្រៃលែង និងស្ថិតស្នាលជាទីបំផុត។

ពិធីនេះរៀបចំឡើងក្នុងន័យចងចាំជានិច្ចនូវគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានតស៊ូលះបង់គ្រប់បែបយ៉ាងដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីសង្គ្រាម និងរបបប្រល័យពូជសាសន៍ និងបានដឹកនាំប្រទេសជាតិប្រកដដោយសន្តិភាព ស្ថេរភាព និងការអភិវឌ្ឍ ជាពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ដែលបានលះបង់នូវសេចក្តីសុខផ្ទាល់ខ្លួន ព្រមទាំងគ្រាប់ភ្នែកម្ខាងផងដែរ ដើម្បីតែជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

កម្មវិធីនេះបានសហការរៀបចំឡើងដោយលោក ហួរ ហាប់ ប្រធានក្រុមការងារតំបន់៣ (ស៊ីដនី) នៃក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ និងក្រុមការងារយុវជនគណបក្សប្រចាំនៅទីក្រុងស៊ីដនី លោក លឹម សំអាត លោក អ៉ឹម វណ្ណៈសណ្តោស លោក បាន សីហា លោក លី ម៉េង ដោយស្ថិតក្រោមអធិបតីភាពលោក កុយ គួង ប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ លោក គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងាររៀបចំអង្គការចាត់តាំងយុវជនគណបក្សប្រជាជនកម្ពុជាប្រចាំប្រទេសអូស្ត្រាលី និងនូវ៉ែលហ្សេឡង់ ព្រមទាំងសមាជិកក្រុមការងារមួយចំនួនទៀត៕