(កំពង់ស្ពឺ)៖ លោក វ៉ី សំណាង អភិបាលខេត្តកំពង់ស្ពឺ ក្នុងនាមប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ ក៏ដូចជាក្រុមប្រឹក្សា គណៈអភិបាលខេត្ត កងកម្លាំងប្រដាប់អាវុធទាំងបី មន្ត្រីរាជការ បងប្អូនប្រជាពលរដ្ឋអ្នកខេត្តកំពង់ស្ពឺទាំងមូល មានសេចក្តីរន្ធត់ និងសោកស្តាយជាពន់ពេក ដោយទទួលដំណឹងថា មានករណីរលំបាក់អគាដែលកំពុងសាងសង់នៅខេត្តព្រះសីហនុ។
ជាក់ស្ដែង នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ លោកបានដឹកនាំក្រុមការងារ សាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ស្ពឺ មកសាកសួរសុខទុក្ខ បងប្អូនដែលរងគ្រោះ និងកំពុងសម្រាកព្យាបាល ក្នុងមន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ ហើយក៏បានចូលរួមពិធីបុណ្យសពផងដែរ ក្នុងនោះ អ្នករបួសម្នាក់ ១០ម៉ឺនរៀល រីឯអ្នកស្លាប់ សព២០ម៉ឺនរៀល។
លោក វ៉ី សំណាង ប្រធានកាកបាទក្រហមខេត្តកំពង់ស្ពឺ បានលើកឡើងថា អំណោយដែលក្រុមការងារ នាំមកនាពេលនេះ ជាការរួមចំណែករបស់សប្បុរសជន មន្ត្រីរាជការ ប្រជាពលរដ្ឋនៃខេត្តកំពង់ស្ពឺទាំងមូល ដើម្បីចូលរួមចំណែកជួយដល់បងប្អូន ជាជនរងគ្រោះថ្នាក់ដ៏សង្វេក និងមិននឹកស្មានដល់ទាំងអស់។
សូមជម្រាបថា ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោង១១៖៣០ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ដោយគំនរអគារសង្កត់លើ បានកើនឡើងដល់ចំនួន១៨នាក់ (ស្រី៤នាក់) និងអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់) ខណៈក្រុមជួយសង្គ្រោះរាប់រយនាក់ កំពុងបន្តប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ស្វែងរកជនរងគ្រោះដែលសង្ស័យថា នៅកំពុងជាប់ក្នុងគំនរអាគារ៕