(ភ្នំពេញ)៖ ដើម្បីចូលរួមរំលែកមរណទុក្ខដ៏ក្រៀមក្រំ និងជួយដល់ជីវភាពក្រុមគ្រួសារនៃសពទាំង ១៨នាក់ ដែលបានស្លាប់ដោយការបាក់រលំអគារនៅខេត្តព្រះសីហនុ ។ នៅព្រឹកថ្ងៃអាទិត្យ ទី ២៣ ខែមិថុនា ឆ្នាំ២០១៩ នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានចាត់ឱ្យថ្នាក់ដឹកនាំ-មន្ត្រីនៃកាកបាទក្រហមកម្ពុជា ទៅចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំ ព្រមទាំងបាននាំយកគ្រឿងឧបភោគ-បរិភោគ និងថវិកាចំនួន ៥លានរៀល ទៅចូលរួមបុណ្យសពនីមួយៗដែលបានដឹកបញ្ជូនទៅធ្វេីបុណ្យតាមប្រពៃណីនៅឯស្រុកកំណេីតរៀងៗខ្លួន។ ដោយឡែក សាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ក៏បានចូលបុណ្យសពនីមួយៗនូវថវិកាចំនួន ៥លានរៀល ផងដែរ។
ស្ថិតក្នុងសមានទុក្ខដ៏ក្រៀមក្រំបំផុតនេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន និងសហការីទាំងអស់នៃកាកបាទក្រហមកម្ពុជា សូមសម្តែងនូងការសោកស្តាយចំពោះសោកនាដកម្មនៃការបាក់រលំអគារនៅខេត្តព្រះសីហនុ ដែលជារឿងឈឺចាប់របស់ជាតិយើង ជាពិសេសក្រុមគ្រួសារនៃអ្នកដែលបានស្លាប់បាត់បង់ជីវិតដែលត្រូវជាភរិយា ឬស្វាមី ឬកូន ឬជាឪពុកម្តាយ។ល។ សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធនៃសពទាំងអស់ បានទៅកាន់ឋានសុគតិភពកុំបីឃ្លៀងឃ្លាតឡេីយ។
ទន្ទឹមនឹងនេះដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក៏បានចាត់ឱ្យមន្ត្រីកាកបាទក្រហមកម្ពុជា នៅតាមសាខាខេត្តចុះសួរសុខទុក្ខជនរងគ្រោះចំនួន ២៤នាក់ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ និងផ្តល់ជូនក្នុងម្នាក់ៗនូវថវិកាចំនួន ១លានរៀលផងដែរ។
សូមបញ្ជាក់ថា សពជនរងគ្រោះទាំង ១៨នាក់នោះ មានស្រុកកំណេីតនៅខេត្តកំពតចំនួន ៨នាក់, ខេត្តបាត់ដំបង ៣នាក់, ខេត្តក្រចេះ ២នាក់, ខេត្តស្ទឹងត្រែង ២នាក់, ខេត្តពោធិ៍សាត់ ១នាក់, ខេត្តត្បូងឃ្មុំ ១នាក់ និងខេត្តព្រៃវែង ១នាក់។
ខាងក្រោមនេះ ជាបញ្ជីឈ្មោះជនរងគ្រោះដែលបានទទួលមរណភាព ៖
១/ ឈ្មោះ បេន សុភ័ណ្ឌ ភេទស្រី អាយុ ១៨ឆ្នាំ នៅស្រុុកកំពង់ត្រាច ខេត្តកំពត។
២/ ឈ្មោះ សូ ភក្ត្រា ភេទប្រុស អាយុ ១៩ឆ្នាំ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
៣/ ឈ្មោះ សូ សំណាង ភេទប្រុស អាយុ ២៧ឆ្នាំ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
៤/ ឈ្មោះ មុំ បូរិន ភេទប្រុស អាយុ ២៦ឆ្នាំ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
៥/ ឈ្មោះ ចាន់ ឆូយ (យ៉ូន ឆូយ) ភេទប្រុស អាយុ ៣៤ឆ្នាំ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
៦/ ឈ្មោះ ជុំ ណាវី ភេទស្រី អាយុ ៣៤ឆ្នាំ នៅស្រុកដងទង់ ខេត្តកំពត។
៧/ ឈ្មោះ ចាន់ តូ (ឆៀក ថាវ) ភេទប្រុស អាយុ ៤៣ឆ្នាំ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
៨/ ឈ្មោះ ទេព ម៉េង ភេទប្រុស អាយុ ៤៣ឆ្នាំ នៅស្រុកកំពង់ត្រាច ខេត្តកំពត។
៩/ ឈ្មោះ ពិន លំអង ភេទស្រី អាយុ ២៩ឆ្នាំ ស្រុកកំណើត ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង (ឪពុកម្តាយ បានយកទៅបូជានៅវត្តក្រោម ក្រុងព្រះសីហនុ)។
១០/ ឈ្មោះ ទន់ ប្រុស ភេទប្រុស អាយុ ៤២ឆ្នាំ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។
១១/ ឈ្មោះ ហួង ចាន់ថា ភេទស្រី អាយុ ៣៧ឆ្នាំ នៅស្រុករុក្ខគិរី ខេត្តបាត់ដំបង។
១២/ ឈ្មោះ ទេព ណី ភេទប្រុស អាយុ ៤៨ឆ្នាំ នៅស្រុកសំបូរ ខេត្តក្រចេះ។
១៣/ ឈ្មោះ ព្រុំ ដែន ភេទស្រី អាយុ ៤៥ឆ្នាំ នៅស្រុកសំបូរ ខេត្តក្រចេះ។
១៤/ ឈ្មោះ ចន រឿន ភេទប្រុស អាយុ ១៨ឆ្នាំ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
១៥/ ឈ្មោះ ឡៃ តែ ភេទប្រុស អាយុ ២០ឆ្នាំ នៅស្រុកសៀមប៉ាង ខេត្តស្ទឹងត្រែង។
១៦/ ឈ្មោះ តុន ទីម (ខេង ទីម) ភេទប្រុស អាយុ ៣៨ឆ្នាំ នៅឃុំបឹងខ្នារ ស្រុកបាកាន ខេត្តពោធិ៍សាត់។
១៧/ ឈ្មោះ ញ៉ ចាន់ថន ភេទប្រុស អាយុ ១៨ឆ្នាំ នៅភូមិវិហារហ្លួង ឃុំវិហារហ្លួង ក្រុងសួង ខេត្តត្បូងឃ្មុំ។
១៨/ ឈ្មោះ ស៊ឹម មន ភេទប្រុស អាយុ ៤៥ឆ្នាំ នៅស្រុកបាភ្នំ ខេត្តព្រៃវែង៕