(កំពត)៖ នៅរសៀល ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ លោក ជាវ តាយ អភិបាល ខេត្តកំពត ជាប្រធានកិត្តិយសសាខា កាកបាទក្រហមកម្ពុជាខេត្ត និងលោកស្រីជាភរិយា លាង ហៃ ជាវតាយ អនុប្រធានកិត្តិយស សាខាកាកបាទក្រហមកម្ពុជាខេត្តកំពត និង លោក ជឹង ផល្លា ប្រធានក្រុមប្រឹក្សាខេត្ត ព្រមទាំងថ្នាក់ដឹកនាំ បានអញ្ជើញអមដំណើរ លោកស្រី ពុំ ចន្ទីនី អគ្គលេខាធិការកាកបាទក្រហមកម្ពុជា តំណាងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារសពកម្មករសំណង់ ដែលរងគ្រោះដោយសារអគារបាក់រលំសង្កត់លើ បណ្តាលស្លាប់នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ចំនួន៦នាក់ រស់នៅ ក្នុងឃុំអង្គសុរភី ស្រុកកំពង់ត្រាច ខេត្តកំពត។
ក្នុងឱកាសនោះ គណៈប្រតិភូបាននាំមកជាមួយនូវអំណោយជាសម្ភារ និងថវិកាមួយចំនួន សម្រាប់ចូលបុណ្យ ដោយក្នុង១គ្រួសារ រួមមាន៖ អង្គរ ១០០ គីឡូក្រាម, មី ៥កេះ, ទឹកផ្លែឈើ ៥កេះ, ត្រីខ ៥យួរ និងថវិកា ៦,២០០,០០០រៀល ។ ក្នុងនោះ ថវិកាកាកបាទក្រហមកម្ពុជា ៥លានរៀល, ថវិកាសាខាកាកបាទក្រហមកម្ពុជាខេត្ត១លានរៀល, ថវិកាអនុសាខាកាកបាទក្រហមស្រុកកំពង់ត្រាច ២០ម៉ឺនរៀល។
សូមជម្រាបថា ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោង១១៖៣០ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ដោយគំនរអគារសង្កត់លើ បានកើនឡើងដល់ចំនួន១៨នាក់ (ស្រី៤នាក់) និងអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់) ខណៈក្រុមជួយសង្គ្រោះរាប់រយនាក់ កំពុងបន្តប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ស្វែងរកជនរងគ្រោះដែលសង្ស័យថា នៅកំពុងជាប់ក្នុងគំនរអាគារ៕