(ភ្នំពេញ)៖ កម្លាំងនគរបាលអធិការដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានធ្វើការឆ្មក់ចុះបង្ក្រាបទីតាំងជល់មាន់ចំនួន២កន្លែង ឃាត់ខ្លួនអ្នកមានល្បែងជល់មាន់ចំនួន១០នាក់ ដកហូតម៉ូតូ១០គ្រឿង និងមាន់ជល់ចំនួន៣ក្បាល។
ប្រតិបត្តិការខាងលើនេះ បានធ្វើឡើងនៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ ក្នុងភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្រោមការបញ្ជាផ្ទាល់ពីលោកវរសេនីយ៍ឯក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌពោធិ៍សែនជ័យ។
មន្ត្រីនគរបាល ដោយចុះបង្ក្រាប បានឲ្យដឹងថា ក្រោយពីទទួលបានព័ត៌មានរបស់ប្រជាពលរដ្ឋថា នៅក្នុងមូលដ្ឋានសង្កាត់ត្រពាំងក្រសាំង កំពុងតែមានល្បែងជល់មាន់ចំនួន២ ទីតាំងខាងលើនេះ ដែលកំពុងលួចលាក់ លេងយ៉ាងគគ្រឹកគគ្រេង ទើបលោក យឹម សារ៉ាន់ អធិការនគរបាលខណ្ឌ បានបញ្ជាឲ្យកម្លាំងចុះបង្ក្រាបជាបន្ទាន់ រហូតធ្វើការឃាត់ខ្លួនអ្នកញៀនល្បែងចំនួន១០នាក់ រួមទាំងដកហូតម៉ូតូ១០គ្រឿង មាន់ចំនួនក្បាលផងដែរ។
ក្រោយពេលឃាត់ខ្លួន ក្រុមអ្នកញៀនល្បែងរួមទាំងវត្ថុតាង ត្រូវបានបញ្ជូនមកកាន់ផ្នែកជំនាញព្រហ្មទណ្ឌ នៃអធិការដ្ឋានខណ្ឌពោធិ៍សែនជ័យ ចាត់ការតាមផ្លូវច្បាប់៕