(ភ្នំពេញ)៖ ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានផ្ញើសារលិខិតរំលែកទុក្ខ ជូនចំពោះក្រុមគ្រួសារ សាច់ញាតិ ជនរងគ្រោះក្នុងឧបទ្ទេវហេតុដ៏សោកសង្រេង ក្នុងខេត្តព្រះសីហនុ។
ក្នុងសារលិខិតរំលែកទុក្ខ , ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច មានអារម្មណ៍ក្ដុកក្ដាលជាទីបំផុត ក្រោយពីទទួលដំណឹងដ៏សោកសៅ អំពីការបាក់រលំអគារ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលបានបណ្តាលឲ្យអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩កន្លងទៅនេះ។
ជាមួយដំណឹងដ៏អកុសលបំផុតនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមសំដែងនូវការសោក ស្តាយជាពន់ពេក ចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងសូមបួងសួង ឲ្យដួងវិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់ បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមជូនពរដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ឆាប់បានជាសះស្បើយកុំបីខាន។
ឆ្លៀតក្នុងឱកាសនេះ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក៏សូមកោតសរសើរ និងសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅ ចំពោះក្រុមការងារជួយសង្គ្រោះ ដែលបាន លះបង់កម្លាំងកាយចិត្ត ដោយមិនខ្វាយខ្វល់ពីសុវត្ថិភាព និងការលំបាកផ្ទាល់ខ្លួន ក្នុងបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងសូមលើកទឹកចិត្តឲ្យបន្ត បេសកកម្មនេះ រហូតដល់ជនរងគ្រោះទាំងអស់ ត្រូវបានរកឃើញជាស្ថាពរ។
ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច សូមលើកទឹកចិត្តឲ្យមានការរួបរួមគ្នា នៅក្នុងកាលៈទេសៈ ដ៏លំបាកនេះ ដើម្បីបន្តជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះ ឲ្យអស់លទ្ធភាព តាមដែលអាចធ្វើទៅបាន ជាជាងការស្តីបន្ទោស ការចោទប្រកាន់ ឬការបរិហារគ្នាទៅវិញទៅមក។ យើងខ្ញុំជាថ្នាក់ដឹកនាំ នៃក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច នៅតែជឿជាក់ថា ដំណោះស្រាយទាំងអស់ នឹងអាចធ្វើឡើងប្រកបដោយប្រសិទ្ធភាព ក្នុងក្របខ័ណ្ឌច្បាប់ជាធរមាន៕