(ព្រៃវែង)៖ លោក ជា សុមេធី ប្រធានគណៈកម្មាធិការ សាខាកាកបាទក្រហមខេត្តព្រៃវែង និងភរិយា រួមជាមួយលោកឧកញ៉ា សុខ ផេង អនុប្រធានសាខាកាកបាទក្រហមខេត្តព្រៃវែង ព្រមទាំងសមាជិកគណៈកម្មការ កាកបាទក្រហមខេត្ត និងអនុសាខាកាកបាទក្រហមស្រុកពោធិរៀង និងស្រុកពារាំង នាព្រឹកថ្ងែទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បាននាំយកអំណោយមនុស្សធម៌ ផ្តល់ជូនប្រជាពលរដ្ឋចំនួន២៧គ្រួសារ ក្នុង ឃុំព្រែកជ្រៃ ឃុំអង្គរយស និងឃុំពោធិរៀង ស្រុកពោធិរៀង និង២១គ្រួសារ ក្នុងឃុំកំពង់ពពិល ឃុំមេសរប្រចាន់ ស្រុកពារាំង ដែលរងផលប៉ះពាល់ ដោយសារខ្យល់កន្ត្រាក់ដួលរលំផ្ទះ នាពេលថ្មីៗនេះ ។
ក្នុងឱកាសនោះ លោក ជា សុមេធី ក៏បានពាំនាំនូវការផ្តាំផ្ញើសួរសុខទុក្ខ ពីសំណាក់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចតែងតែយកចិត្តទុកដាក់គិតគូ ចំពោះសុខទុក្ខប្រជាពលរដ្ឋគ្រប់រូប មិនប្រកាន់វណ្ណៈ ពណ៌សម្បុរ ជំនឿសាសនា ឬនិន្នាការនយោបាយណាមួយឡើយ។
ជាមួយគ្នានោះ លោក ជា សុមេធី បានចូលរួមសោកស្តាយ ជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារខ្យល់កន្ត្រាក់ ធ្វើឲ្យខូចខាតទ្រព្យសម្បត្តិ និងបានផ្តាំផ្ញើសូមឲ្យមានការប្រុង ប្រយ័ត្ន នៅពេលភ្លៀងត្រូវរកកន្លែង មានសុវត្ថិភាពជ្រក ហើយត្រូវបិទទូរស័ព្ទ ចៀសវាងគ្រោះថ្នាក់កើតឡើងជាយថាហេតុ។
លោក ជា សុមេធី បានបញ្ជាក់ថា ថ្វីត្បិតអំណោយមនុស្សធម៌ ដែលបាននាំយកមកចែកជូនបងប្អូននាពេលនេះ មានចំនួនតិចតួចក្ដី មិនសមល្មមនឹងការខាតបង់របស់ក្រុមគ្រួសារ តែក៏អាចជួយសម្រាលទុក្ខបាក បានមួយកម្រិត ហើយក៏ជាការបង្ហាញនូវការយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋគ្រប់រូប ពីសំណាក់ថ្នាក់ដឹកនាំ ពិសេសគឺកាកបាទក្រហមកម្ពុជាដូចទិសស្លោក «ខ្ញុំស្រឡាញ់ កាកបាទក្រហមកម្ពុជា- មិនទុកនរណាម្នាក់ចោលឡើយ»៕