(ព្រៃវែង)៖ សង្គមជាតិកម្ពុជាមានការផ្លាស់ប្តូររីកចម្រើន ជាលំដាប់ពិតប្រាកដអាស្រ័យដោយសារការដឹកនាំគ្រប់គ្រង និងការចូលរួមល្អប្រសើរ។ នេះជាខ្លឹមសារសំខាន់ នៃមតិសំណេះសំណាលរបស់លោក ព្រុំ សុខា ប្រធានក្រុមការងារស្រុកបាភ្នំ តំណាងរបស់សម្តេចក្រឡាហោម ស ខេង ថ្លែងទៅកាន់ប្រជាពលរដ្ឋ ពុទ្ធបរិស័ទ លោកគ្រូ អ្នកគ្រូ សិស្សានុសិស្សប្រមាណជាង៤០០០នាក់ ក្នុងឱកាសពិធីបុណ្យឆ្លងសម្ពោធឧបដ្ឋានសាលា និងសមិទ្ធផលនានា នាថ្ងៃសៅរ៍ ០៥រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ នៅក្នុងវត្តសិរីសន្ធាយ (ហៅវត្តធាយ) ស្ថិតក្នុងឃុំធាយ ស្រុកបាភ្នំ ខេត្តព្រៃវែង។
លោកប្រធានក្រុមការងារបានគូសបញ្ជាក់សង្កត់ធ្ងន់ថា រយៈពេល៤០ឆ្នាំកន្លងទៅ ក្រោមការដឹកនាំ និងគ្រប់គ្រងនៃរដ្ឋអំណាច និងរដ្ឋាភិបាលរបស់គណបក្សប្រជាជនកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ សង្គមជាតិកម្ពុជាមានការអភិវឌ្ឍ រីកចម្រើនជាលំដាប់ ផ្លាស់ប្តូរមុខមាត់ថ្មីជាដរាបឆ្ពោះ ទៅកាន់អនាគតពោពេញដោយក្តីសង្ឃឹម និងមោទនភាព ដែលមានជាអាទិ៍គឺ៖ ការផ្លាស់ប្តូរពីប្រទេសដែលធ្លាប់ មានសង្គ្រាមរាំរ៉ៃមកជាប្រទេស ដែលមានសុខសន្តិភាពបរិបូរណ៍, ការផ្លាស់ប្តូរពីប្រទេសស្ថិតក្រោមរបបផ្តាច់ការប្រល័យពូជសាសន៍ មកជារបបប្រជាធិបតេយ្យ សេរី ពហុបក្សដូចពេលបច្ចុប្បន្ន ដែលប្រជាពលរដ្ឋមានសិទ្ធិ សេរីភាពគ្រប់គ្រាន់ក្នុងការរស់នៅចិញ្ចឹមជីវិត និងចូលរួមអភិវឌ្ឍន៍ ធ្វើជាមូលដ្ឋានសម្រាប់ការកំណត់ជោគវាសនា អនាគតរបស់ខ្លួនដោយខ្លួនឯង និងការផ្លាស់ប្តូរសង្គមជាតិមួយ ពីស្ថានភាពដែលបន្សល់ទុកដោយមរតកផលវិបាក នៃសង្គ្រាមនិងរបបប្រល័យពូជសាសន៍ មកជាប្រទេសមានឯករាជ្យ អធិបតេយ្យ ដែលមានការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ ប្រកបដោយបរិយាប័ន្ន។ល...។
ទាំងនេះ គឺពិតជាការផ្លាស់ប្តូររីកចម្រើនយ៉ាងប្រត្យក្សក្នុងតថភាពប្រាកដនិយម ប្រកបទៅដោយពិសោធន៍ជាក់ស្តែង និងវិចារណញាណ ដែលផ្ទុយស្រឡះទាំងស្រុងពីការឃោសនាច្រំដែលៗ របស់មជ្ឈដ្ឋានអគតិជុំវិញអ្វីដែលហៅថា «ការផ្លាស់ប្តូរជាវិជ្ជមាននៅកម្ពុជា» ដែលគ្មានអ្វីក្រៅពីការសន្យាដោយស្រមើស្រមៃ ដើម្បីបោកបញ្ឆោតសាធារណៈមតិ បម្រើមហិច្ឆតានយោបាយរបស់ពួកគេតែប៉ុណ្ណោះ។
ពិធីបុណ្យបានប្រព្រឹត្តទៅក្នុងបរិយាកាសសាមគ្គីភាព និងអធិកអធមក្រៃលែង ដោយចុងបញ្ចប់នៃកម្មវិធីមានពិធីបំពាក់គ្រឿងឥស្សរយស ជូនព្រះសង្ឃពុទ្ធបរិស័ទ និងសប្បុរសជនដែលបានចូលរួមកសាងឧបដ្ឋានសាលា និងសមិទ្ធផលនានារបស់វត្តមាន តម្លៃសរុបប្រមាណ៤០ម៉ឺនដុល្លារ។
ក្នុងឱកាសនោះដែរ ក្រៅពីសម្ភារ និងថវិការបស់សម្តេចក្រឡាហោម ឧបត្ថម្ភដល់អង្គពិធី លោក ព្រុំ សុខា និងសហការីក្នុងក្រុមការងារ ព្រមទាំងអស់លោក លោកស្រីមន្ត្រីរាជការខេត្តព្រៃវែង និងស្រុកបាភ្នំក៏បានរួមគ្នាចូលបច្ច័យបុណ្យចំនួន ២៤លាន ៥០ម៉ឺនរៀល ផងដែរ៕