(ស្វាយរៀង)៖ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្ត បានថ្លែងថា គ្រោះធម្មជាតិខ្យល់កន្ត្រាក់នៅឆ្នាំនេះ ដូចជាខ្លាំងជាងឆ្នាំមុន ដោយគ្រាន់តែភ្លៀងមួយមេ កាលពីថ្ងៃទី២១ មិថុនាកន្លងទៅនេះ បានធ្វើឲ្យផ្ទះពលរដ្ឋ២,៣០៤ខ្នង រងការខូចខាត និងរងរបួសមនុស្ស២នាក់ ដូច្នេះសូមប្រជាពលរដ្ឋទាំងអស់ ត្រូវមានការមានប្រុងប្រយ័ត្នខ្ពស់ និងរកកន្លែងដែលមានសុវត្ថិភាព ដើម្បីបញ្ចៀសការគ្រោះថ្នាក់ផ្សេងៗ ដែលកើតឡើងជាយហេតុ។
ការថ្លែងបែបនេះ ខណៈដែលលោក ម៉ែន វិបុល អញ្ជើញចុះជួបសំណេះសំណាល និងចែកអំណោយមនុស្សធម៌ កាកបាទក្រហមកម្ពុជាខេត្ត ជូនដល់ពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ចំនួន២៩គ្រួសារ នៅក្រុងស្វាយរៀង ខេត្ដស្វាយរៀង នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ។
អភិបាលខេត្តស្វាយរៀង បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខ និងសេចក្ដីនឹករលឹកពីសំណាក់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលជានិច្ចកាលសម្ដេច លោកតែងតែគិតគូរពីសុខទុក្ខ និងជំរុញឲ្យមានការដោះស្រាយបញ្ហានានា របស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា និងគ្រប់ទីកន្លែង ។
លោកក៏បានថ្លែងនូវការអរគុណ ចំពោះអាជ្ញាធរដែនដីពាក់ព័ន្ធ ក្រុមការងារយុវជន ស.ស.យ.ក ក្រុងនិងកងកម្លាំងនៅមូលដ្ឋានទាំងអស់ ដែលតែងតែជួយអន្តរាគមន៍សង្គ្រោះ ប្រជាពលរដ្ឋនាពេលកន្លងមក បានទាន់ពេលវេលា ក្នុងនោះមានការជួយសាងសង់ផ្ទះ ដែលបានរងគ្រោះដោយសារខ្យល់កន្ត្រាក់ជាដើម។
ទន្ទឹមនេះ លោកក៏ផ្ដាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវមានការប្រុងប្រយ័ត្នខ្ពស់ ពីសុវត្ថិភាពផ្ទាល់ ខ្លួន និងក្រុមគ្រួសារ ដោយត្រូវបិទទូរសព្ទ រកកន្លែងដែលមានសុវត្ថិភាព នៅពេលមានភ្លៀងធ្លាក់ ដែលងាយនឹងបង្កឲ្យមានគ្រោះថ្នាក់ដោយសាររន្ទះ ឬខ្យល់កន្ត្រាក់ ត្រូវមើលថែទាំកូនចៅឲ្យបានល្អ ជាពិសេសក្មេងតូចៗកុំឲ្យលេងទឹក ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយករណីលង់ទឹក ត្រូវថែរក្សាសុខភាព ត្រូវបង្ការកាពារការឆ្លងជំងឺគ្រុនឈាម ដែលកើតចេញពីមូសខ្លាខាំ ត្រូវគេងក្នុងមុង ជាពិសេសក្មេងតូចៗ ត្រៀមឧបករណ៍ សម្ភារ ពូជស្រូវជាដើម សម្រាប់ការងារបង្កបង្កើនផលនារដូវវស្សានេះ ឲ្យបានទាន់ពេលវេលា និងជួយអប់រំណែនាំកូនចៅឲ្យគោរពច្បាប់ចរាចរណ៍ និងចៀសឲ្យឆ្ងាយពីគ្រឿងញៀនគ្រប់ប្រភេទ។
សូមបញ្ជាក់ថា អំណោយដែលបានចែកជូនទាំង ២៩គ្រួសារ ក្នុងនោះ គ្រួសារដែលរងគ្រោះដោយសារខ្យលកន្ត្រាក់ធ្ងន់ធ្ងរ១១គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ ៣០គីឡូក្រាម មី១កេស ទឹកស៊ីអ៊ីវ៦ដប ត្រីខ១០កំប៉ុង កន្ទេលបត់១ ឃីត១កញ្ចប់ (មុង ភួយ សារុង ក្រមា) ក្រណាត់កៅស៊ូតង់១ ធុងទឹកជ័រ១ ឆ្នាំងបាយ-សម្លរនិងថវិកា ២០០,០០រៀល។
ចំណែកឯអ្នករងគ្រោះមធ្យម១១គ្រួសារ ក្នុងមួយគ្រួសារទទួលបានអង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ៦ដប កន្ទេលបត់១ ឃីត១កញ្ចប់ (ភួយ មុង សារុង ក្រមា) និងថវិកា៥០,០០០រៀល ក្នុងនោះគ្រួសាររងគ្រោះ តិចតួចចំនួន៧គ្រួសារទៀត ក្នុងមួយគ្រួសារទទួលបានថវិកា៥០,០០០រៀលផងដែរ៕