(ភ្នំពេញ)៖ សហភាពសហព័ន្ធយុវជនកម្ពុជា នៅថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានចេញសេចក្ដីថ្លែងការណ៍មួយ ដោយបានបញ្ជាក់ថា ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា មានអារម្មណ៍ក្តុកក្តួលជាទីបំផុត ក្រោយពីទទួលដំណឹង ដ៏សោកសៅអំពីការបាក់រលំអគារ ស្ថិតនៅក្នុងក្រុមទី១១ ភូមិ៣ សង្កាត់ លេខ៤ ក្រុងព្រះសីហនុ ដែលបានបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ។
ជាមួយដំណឹងដ៏អកុសលបំផុតនេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមសំដែងនូវការសោកស្តាយជាពន់ពេកចំពោះក្រុមគ្រួសារជនរងគ្រោះ ដែលបានបាត់បង់ជីវិត និងសូមបួងសួងឲ្យដឹង វិញ្ញាណក្ខន្ធជនរងគ្រោះទាំងអស់បានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។ ជាមួយគ្នានេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមជូនពរដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យទាំងអស់ ឆាប់បានជាសះស្បើយកុំបីខាន។
ឆ្លៀតក្នុងឱកាសនេះ ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា ក៏សូមកោតសរសើរ និងសំដែងនូវអំណរគុណដ៏ជ្រាលជ្រៅចំពោះក្រុមការងារជួយសង្គ្រោះ ដែលបានលះបង់កម្លាំងកាយចិត្តដោយមិនខ្វាយខ្វល់ពីសុវត្ថិភាព និងការលំបាកផ្ទាល់ខ្លួន ក្នុងបេសកកម្មជួយសង្គ្រោះជនរងគ្រោះ និងសូមលើកទឹកចិត្តឲ្យបន្តបេសកកម្មនេះ រហូតដល់ជនរងគ្រោះទាំងអស់ត្រូវបានរកឃើញជាស្ថាពរ។
ក្រុមគ្រួសារសហភាពសហព័ន្ធយុវជនកម្ពុជា សូមលើកទឹកចិត្តឲ្យមានការរួបរួមគ្នានៅក្នុងកាលៈទេសៈដ៏លំបាកនេះ ដើម្បីបន្តជួយសង្គ្រោះ និងស្វែងរកជនរងគ្រោះឲ្យអស់លទ្ធភាពតាមដែលអាចធ្វើបាន ជាជាងការស្តីបន្ទោស ការចោទប្រកាន់ ឬការបរិហារគ្នាទៅវិញទៅមក។ ក្រុមគ្រួសារយើង នៅតែជឿជាក់ថា ដំណោះស្រាយទាំងអស់ នឹងអាចធ្វើឡើងប្រកបដោយប្រសិទ្ធភាព ក្នុងក្របខ័ណ្ឌច្បាប់ជាធរមាន៕
ខាងក្រោមនេះ ជាសេចក្ដីថ្លែងការណ៍ របស់សហភាពសហព័ន្ធយុវជនកម្ពុជា៖