(ព្រះសីហនុ)៖ នៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ គ្រួសារជនរងគ្រោះដែលបានស្លាប់បាត់បង់ជីវិត ដោយគំនរអគារកម្ពស់៧ជាន់សង្កត់លើ ស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បានមកអុជធូប ដើម្បីហៅព្រលឹងជនរងគ្រោះត្រឡប់ទៅស្រុកកំណើតវិញ។

សូមជម្រាបថា ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោង១១៖៣០ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ដោយគំនរអគារសង្កត់លើ បានកើនឡើងដល់ចំនួន១៨នាក់ (ស្រី៤នាក់) និងអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់) ខណៈក្រុមជួយសង្គ្រោះរាប់រយនាក់ កំពុងបន្តប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ស្វែងរកជនរងគ្រោះដែលសង្ស័យថា នៅកំពុងជាប់ក្នុងគំនរអាគារ។

នៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចយកថវិកាជាតិ ជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុងសោកនាដកម្ម បាក់អគារនៅខេត្តព្រះសីហនុ អ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ៕