(ភ្នំពេញ)៖ នៅវេលាម៉ោងប្រមាណ៣រសៀលថ្ងៃអាទិត្យនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ អញ្ជើញត្រឡប់មកដល់ប្រទេសកម្ពុជាវិញហើយ បន្ទាប់ពីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ នៅទីក្រុងបាងកក ប្រទេសថៃ រយៈពេល២ថ្ងៃ ប្រកបដោយជោគជ័យ។
កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ រយៈពេល២ថ្ងៃ នៅថ្ងៃទី២២ និង២៣ ខែមិថុនា ឆ្នាំ២០១៩ ធ្វើឡើងក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព»។ កិច្ចប្រជុំនេះបានផ្តោតការយកចិត្តទុកដាក់ ដល់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការ និងពង្រឹងកុងសង់ស៊ុស ក្នុងចំណោមសមាជិកអាស៊ាន ដើម្បីដោះស្រាយការប្រឈមសកលថ្មីៗ។ កិច្ចប្រជុំកំពូលនេះក៏នឹងរិះរកមធ្យោបាយនានា ក្នុងការធ្វើឲ្យអាស៊ានឈានទៅកាន់កម្រិតខ្ពស់ថែមទៀតប្រកបដោយចីរភាព និងមានការតភ្ជាប់ដោយរលូន។