(ភ្នំពេញ)៖ ថ្លែងចេញពីទីក្រុងបាងកក ប្រទេសថៃ ក្រោយបញ្ចប់ការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ អស់រយៈពេលពីរថ្ងៃរួចមក ហើយកំពុងដឹកនាំគណៈប្រតិភូមកម្ពុជា ត្រឡប់មកកាន់មាតុភូមិកម្ពុជាវិញនោះ, សម្តេចតេជោ ហ៊ុន សែន បានភ្លេចពីការបារម្ភចំពោះបងប្អូន ដែលរងគ្រោះដោយសារបាក់រលំអគារសង្កត់ នៅខេត្តព្រះសីហនុឡើយ ដោយសម្តេចតេជោអះអាងថា នឹងបន្តជំរុញឲ្យការងារសង្រ្គោះបន្ទាន់ជនរងគ្រោះ ដោយអាគារបាក់រលំនៅខេត្តព្រះសីហនុឲ្យបានលឿនបំផុត នៅពេលត្រឡប់មកដល់មាតុភូមវិញ។

សម្តេចតេជោ ហ៊ុន សែន ក៏បានសម្តែងនូវការចូលរួមរំលែកទុក្ខចំពោះគ្រួសារសព ដែលរងគ្រោះដោយសារការបាក់រំលំអគារនេះ។

សម្តេចតេជោ ហ៊ុន សែន បានសរសេរយ៉ាងដូច្នេះថា «សុខសប្បាយជាទេបងប្អូនជនរួមជាតិ? នៅពេលនេះខ្ញុំកំពុងដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា ចាកចេញពីទីក្រុងបាងកក ប្រទេសថៃមកកាន់កម្ពុជាវិញហើយ បន្ទាប់ពីបានចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ អស់រយៈពេលពីរថ្ងៃរួចមក។ ខ្ញុំនឹងបន្តជំរុញឲ្យការងារសង្រ្គោះបន្ទាន់ ជនរងគ្រោះដោយអគារបាក់រលំនៅខេត្តព្រះសីហនុ ឲ្យបានលឿនបំផុត នៅពេលខ្ញុំវិលត្រឡប់មកដល់មាតុប្រទេសវិញ។ អរគុណបងប្អូនជនរូមជាតិ ដែលបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំបំផុតនេះ»

សូមជម្រាបថា ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោង១១៖៣០ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ដោយគំនរអគារសង្កត់លើ បានកើនឡើងដល់ចំនួន១៨នាក់ (ស្រី៤នាក់) និងអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់) ខណៈក្រុមជួយសង្គ្រោះរាប់រយនាក់ កំពុងបន្តប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ស្វែងរកជនរងគ្រោះដែលសង្ស័យថា នៅកំពុងជាប់ក្នុងគំនរអាគារ៕