(ភ្នំពេញ)៖ ក្រសួងពាណិជ្ជកម្មកម្ពុជា បានចាក់ទុកការលើកឡើងរបស់មន្ត្រីស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាថា ក្រុមហ៊ុនចិនមួយចំនួនប្រើប្រាស់តំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ បញ្ជូនទំនិញពីចិនទៅសហរដ្ឋអាមេរិក ដើម្បីគេចវេសពីការបង់ពន្ធ ឬបង់ពន្ធទាប គឺជាការលើកឡើយដោយគ្មានមូលដ្ឋានច្បាស់លាស់ឡើយ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ។
ការឆ្លើយតបរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាយ៉ាងដូច្នេះ ធ្វើឡើងបន្ទាប់ពីកាលពីពេលថ្មីៗកន្លងទៅនេះ សារព័ត៌មានរ៉យទ័រ (Reuters) និងវិទ្យុអាស៊ីសេរី (RFA) បានដកស្រង់សំដីមន្ត្រីនាំពាក្យស្ថានទូតសហរដ្ឋអាមេរិក ប្រចាំកម្ពុជា លោក អេវិន ឆ្លាតជេស (Arend Zwartjes) ដែលបានអះអាងថា នាយកដ្ឋានសន្តិសុខជាតិអាមេរិក បានត្រួតពិនិត្យរកឃើញ និងពិន័យទៅលើក្រុមហ៊ុនចិនមួយចំនួន មានទីតាំងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលបានបំពានបំរាមគយរបស់អាមេរិក ដោយថា ក្រុមហ៊ុនទាំងនោះបានបញ្ជូនទំនិញពីចិន មានដូចជា អាស៊ីតអាមីណូ ម្សៅអាហារធ្វើពីគ្រាប់ធញ្ញជាតិ (ពោតស្រូវ ឬដំឡូង) និងបំពង់ដែកថែប។ល។ ទៅសហរដ្ឋអាមេរិក តាមរយៈប្រទេសកម្ពុជា ដើម្បីគេចពីការបង់ពន្ធ ឬបង់ពន្ធក្នុងកម្រិតលើកលែង។
ក្រសួងពាណិជ្ជកម្មបញ្ជាក់ថា «ទាក់ទងនឹងករណីនេះ បន្ទាប់ពីបានចាត់មន្ត្រីជំនាញចុះស្រាវជ្រាវរួចមក ក្រសួងពាណិជ្ជកម្មសូមបញ្ជាក់ថា ការលើកឡើងរបស់ មន្ត្រីស្ថានទូតអាមេរិក ពុំមានមូលដ្ឋានច្បាស់លាស់ឡើយ ពោលគឺផ្ទុយពីការអនុវត្តជាក់ស្តែង ព្រោះថា ក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ មិនមានក្រុមហ៊ុនផលិតម្សៅអាហារ ធ្វើពីគ្រាប់ធញ្ញជាតិនិងបំពង់ដែកថែបទេ»។
ចំពោះផលិតផលអាស៊ីដអាមីណូ កន្លងទៅក្រុមហ៊ុន INFINITE MANUFACTURING Co., LTD. ដែលបានទទួលច្បាប់អនុញ្ញាត ឲ្យវិនិយោគត្រឹមត្រូវ ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) តាំងពីដើមខែកុម្ភៈ ឆ្នាំ២០១៥ បានធ្វើប្រតិបត្តិការផលិតកម្ម និងនាំចេញ រហូតដល់ខែសីហា ឆ្នាំ២០១៧។ ប៉ុន្តែចាប់តាំងពីខែកញ្ញា ឆ្នាំ២០១៧ មកដល់បច្ចុប្បន្ន ក្រុមហ៊ុនមួយនេះ ពុំដំណើរការផលិតកម្ម និងសកម្មភាពនាំចេញឡើយ ។
ក្រសួងពាណិជ្ជកម្មលើកឡើងទៀតថា តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ គឺជាតំបន់សេដ្ឋកិច្ច និងពាណិជ្ជកម្មពហុបំណង ដែលប្រមូលផ្តុំទៅដោយសហគ្រាសចិន កម្ពុជា អាមេរិក ជប៉ុន បារាំង កូរ៉េខាងត្បូងអៀរឡង់ វៀតណាម និងថៃ ជាដើម។ល។ ហើយមានផលិតនូវទំនិញចម្រុះ ដូចជា៖ វាយនភណ្ឌ សម្លៀកបំពាក់កាបូប និងផលិតផលស្បែក និងឧបករណ៍ផ្សេងៗផងដែរ។
ក្រសួងបន្តថា ការគ្រប់គ្រងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ត្រូវបានអនុវត្តន៍តាមនីតិវិធីច្បាស់លាស់ពោល គឺផលិតកម្មត្រូវអនុលោមតាមវិធានប្រភពដើមទំនិញ រីឯការនាំចូលវត្ថុធាតុដើម និងការនាំចេញផលិតផលសម្រេច ត្រូវបានកត់ត្រាត្រឹមត្រូវ ព្រមទាំងមានតម្កល់លិខិតបទដ្ឋានគតិយុត្តិពាក់ព័ន្ធផង។ ដើម្បីអាចប្រតិបត្តិការផលិតកម្ម របស់ខ្លួនបានក្រុមហ៊ុនត្រូវ៖ មានអាជ្ញាប័ណ្ណវិនិយោគ និងបានចុះបញ្ជីត្រឹមត្រូវ, មានទីតាំង និងមូលដ្ឋានផលិតកម្មច្បាស់លាស់ ដើម្បីបម្រើការផលិត កែច្នៃ និងនាំចេញ, ស្នើសុំបញ្ជីមេ (Master List) ដែលរាយលម្អិតនូវប្រភេទវត្ថុធាតុដើមត្រូវនាំចូល ពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ចៀសវាងការនាំចូលផលិតផលសម្រេច, រាល់វត្ថុធាតុដើមដែលនាំចូលត្រូវបានផ្ទៀងផ្ទាត់ជាមួយបញ្ជីមេ និងឆ្លងកាត់ការត្រួតពិនិត្យជាក់ស្តែងរបស់អាជ្ញាធរគយ និងរដ្ឋាករកម្ពុជា។
សូមជម្រាបថា អគ្គនាយក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ (SSEZ) លោក Cao Jianjiang បានចេញមកអះអាងថា មិនមានក្រុមហ៊ុនណាមួយដែល កំពុងវិនិយោគ នៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនេះ ត្រូវបានរារាំង ស៊ើបអង្កេត ឬពិន័យពីសំណាក់គយ និងរដ្ឋាកររបស់សហរដ្ឋអាមេរិកនោះទេ។
លោក Cao Jianjiang បានអះអាងប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានយកចិត្តទុកដាក់លើបញ្ហានេះ យ៉ាងខ្លាំង រួចបានបើកការស៊ើបអង្កេតភ្លាមៗ។ ជាលទ្ធផលបច្ចុប្បន្ននេះនៅក្នុងសួនឧស្សាហកម្មនេះមានសហគ្រាសចំនួន២៩ បានធ្វើការនាំចេញទៅកាន់សហរដ្ឋអាមេរិក ហើយនៅក្នុងពេលថ្មីៗនេះ មិនមានការរារាំង ឬរងការស៊ើបអង្កេត ឬពិន័យពីសំណាក់គយ និងរដ្ឋាកររបស់សហរដ្ឋអាមេរិកនោះទេ។
សូមបញ្ជាក់ថា តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ស្ថិតក្នុងឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ត្រូវបានបង្កើតឡើងនៅថ្ងៃទី១៧ ខែមីនា ឆ្នាំ២០០៨ លើផ្ទៃដីទំហំ ១,១១៣ហិកតា។ បច្ចុប្បន្នតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ មានក្រុមហ៊ុនរោងចក្រ សហគ្រាសជិត ២០០ហើយ កំពុងវិនិយោគ ដោយផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែរជាង ២ម៉ឺនកន្លែង៕