(បាត់ដំបង)៖ មនុស្សប្រមាណជាង៣០០នាក់ បានចូលរួមព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិលើកទី៥» ដែលរៀបចំដោយក្រសួងទេសចរណ៍ សហការជាមួយ ស្ថានទូតឥណ្ឌា ប្រចាំនៅកម្ពុជា នៅក្នុងបរិវេណទីធ្លា ខាងមុខសាលាខេត្តបាត់ដំបង នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ ២០១៩នេះ។
លោក គី សេរីរចនា អនុប្រធាននាយកដ្ឋានសិក្សាទីផ្សារ និងផ្សព្វផ្សាយក្រៅប្រទេស ក្រសួងទេសចរណ៍ បានថ្លែងថា ដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលកម្ពុជា ក្រសួងទេសចរណ៍ សហការជាមួយ ស្ថានទូតឥណ្ឌា ប្រចាំនៅប្រទេសកម្ពុជា បានរៀបចំព្រឹត្តិការណ៍ «ទិវាយោគៈអន្តរជាតិលើកទី៥» នៅតាម គោលដៅ ទេសចរណ៍សំខាន់ៗចំនួន៤រួមមាន៖ រាជធានី ភ្នំពេញ, ខេត្តព្រះសីហនុ, ខេត្តសៀមរាប និងខេត្តបាត់ដំបង។
ដោយឡែកសម្រាប់ខេត្តបាត់ដំបងនាព្រឹកនេះ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំ កម្ពុជា និងរដ្ឋបាលខេត្តបាត់ដំបង ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាង សាលារាជធានី ខេត្ត ស.ស.យ.ក គ្រូបង្វឹកយោគៈ មកពីប្រទេសឥណ្ឌាផងដែរ បានរៀបចំ «ទិវា យោគៈអន្តរជាតិលើកទី៥» នេះឡើង ដោយមានមនុស្សចំនួនប្រមាណជាង៣០០នាក់ មកចូលរួមដើម្បីភាពសុខដុម និងសន្តិភាព ជាពិសេសក្នុងគោលបំណងផ្សព្វផ្សាយពីការធ្វើលំហាត់ប្រាណបែបសមាធិ ទាំងផ្លូវកាយ និងផ្លូវចិត្ត និងសម្រួលចលនាសាច់ដុំ ចលនាសសៃឈាម ឲ្យស្រួលសម្រាប់រាងកាយយើងទាំងអស់គ្នា ។
លោកបន្តទៀតថា ព្រឹត្តិការណ៍ យោគៈអន្តរជាតិ មិនត្រឹមតែផ្តល់អត្ថប្រយោជន៍ ចំពោះ សុខភាព អប់រំ ផ្លូវចិត្ត ស្ងប់អារមណ៍ ដែលជំរុញឲ្យមនុស្ស ស្រលាញ់ សុខសន្តិភាព ប៉ុណ្ណោះទេ ប៉ុន្តែក៏បានផ្តល់ ឱកាសឲ្យកម្ពុជា ចូលរួម អបអរ ទិវានេះ ជាមួយ បណ្តាប្រជាជាតិនានា នៅក្នុង ពិភពលោក ហើយអ្វីដែល សំខាន់ នោះ គឺគោលដៅ ទេសចរណ៍ ដ៏ល្អៗរបស់កម្ពុជា រួមមាន៖ រាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តសៀមរាប និងខេត្តបាត់ដំបង ដែលបាន ធ្វើការ ផ្សព្វផ្សាយដល់ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់ នៅទូទាំង ពិភពលោកបានស្គាល់។
លោកថា ជាពិសេសខណៈពេលដែលថ្មីៗនេះ ប្រាសាទអង្គរវត្តរបស់កម្ពុជា បន្តទទួលបានចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍លេខ១ ក្នុងចំណោមបណ្តាទីក្រុងទាំង៩៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ ពីគេហទំព័រ You Discover ដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ ដែល ជាសំណង់ ប្រវត្តិសាស្ត្រ ដ៏អស្ចារ្យ បំផុត លើសកលលោកសម្រាប់ឆ្នាំ២០១៩ ដោយក្រុម ប្រឹក្សា យោបល់ TripAdvisor ដែលជា មោទនភាពមួយទៀត របស់កម្ពុជានៅលើឆាកអន្តរជាតិ សក្តិសមទៅនឹងការប្រសិទ្ធិនាម កម្ពុជា ព្រះរាជាណាចក្រអច្ឆរិយ ប្រកបដោយភាពកក់ក្ដៅ (Cambodia Kingdom of Wonder-FeeI the Warmth)។
គួរបញ្ជាក់ថា ក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរណ៍អន្តរជាតិ ៦,២លាននាក់ ក្នុងកំណើន ១០,៧% ក្នុងនោះទេសចរណ៍ឥណ្ឌា មានចំនួន៦៥,៨៨២នាក់ ក្នុងកំណើន ១០,៦% ហើយក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានភ្ញៀវទេសចរ អន្តរជាតិ១លាន៨៧នាក់ កើនឡើង ៩,៧%។
តាមរយៈព្រឹត្តការណ៍ដ៏សំខាន់នេះ យើងសង្ឃឹមថា នឹងចូលរួមដល់កំណើនភ្ញៀវទេសចរ អន្តរជាតិ កម្ពុជារំពឹងថា នឹងទទួលបានភ្ញៀវទេសចរ អន្តរជាតិ ចំនួនជាង៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរ អន្តរជាតិ ប្រមាណជាង៧លាននាក់ផងដែរ៕