(កំពង់ធំ)៖ លោក សុខ លូ អភិបាលខេត្តកំពង់ធំ បានណែនាំដល់ក្រុមប្រឹក្សាក្រុងស្ទឹងសែន អាណត្តិទី៣ ត្រូវធ្វើខ្លួនជាបុគ្គលនីតិប្រតិបត្តិ បំពេញការងារដើម្បីអភិវឌ្ឍន៍មូលដ្ឋាន ជូនប្រជាពលរដ្ឋឲ្យបានល្អ និងមានប្រសិទ្ធភាពខ្ពស់ ដែលជាតម្រូវការចង់បានរបស់ប្រជាពលរដ្ឋ ក្នុងឱកាសដែលលោកចូលរួមប្រកាសចូលកាន់តំណែង ក្រុមប្រឹក្សាក្រុងស្ទឹងសែនអាណត្តិទី៣ នារសៀលថ្ងៃ២២ ខែមិថុនា ឆ្នាំ២០១៩ ។
លោកអភិបាលខេត្ត បានណែនាំដល់ក្រុមប្រឹក្សាក្រុង ដែលទើបតែងតំាងថ្មីចំនួន១៧រូប ដែលមានលោក ហុក រិន ជាប្រធានក្រុមប្រឹក្សាក្រុងអាណត្តិទី៣ ត្រូវខិតខំបំពេញការងារ បម្រើផលប្រយោជន៍ និងសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន ប្រកបដោយស្មើភាព យុត្តិធម៌ និងមិនត្រូវប្រកាន់និន្នាការនយោបាយ ដើម្បីចូលរួមកសាង និងអភិវឌ្ឍន៍មូលដ្ឋាន កាន់តែមានភាពរីកចម្រើន ។
លោកបានបញ្ជាក់ថា ក្រុមប្រឹក្សាក្រុង មានតួនាទីបម្រើប្រជាពលរដ្ឋឲ្យបានដិតដល់ ដូច្នេះក្រុមប្រឹក្សាត្រូវបំពេញតួនាទីឲ្យបានល្អ ជាមួយគណៈអភិបាលក្រុង មន្រ្តីរាជការ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ អង្គការសង្គមស៊ីវិល ដោយឈរលើមូលដ្ឋានលើកកម្ពស់ប្រសិទ្ធភាព ការងារការគោរពច្បាប់ និងគោលការណ៍នានារបស់រដ្ឋ ថ្វីត្បិតស្រុកកំពង់សិលា មិនមានបញ្ហាប្រឈម និងបរិស្ថាន យើងត្រូវបន្តអប់រំផ្សព្វផ្សាយ ឲ្យប្រជាពលរដ្ឋគោរពច្បាប់ យកច្បាប់ជាគោលធានាសុវត្ថិភាព ភាពស្មោះត្រង់ដល់ប្រជាពលរដ្ឋ ក្នុងការដឹកនាំធ្វើជាគំរូល្អ។ រក្សាព្រៃឈើ ព្រោះព្រៃឈើអាចជួយកាត់បន្ថយកំដៅ ព្យុះភ្លៀង បំផុសប្រជាពលរដ្ឋឲ្យស្រឡាញ់ព្រៃឈើ និងដាំដុះព្រៃឈើ។
លោកបន្ដថា ការលើកកម្ពស់ការទទួល ខុសត្រូវ និងភាពជាម្ចាស់ក្នុងការបំពេញតួនាទី ភារកិច្ចរបស់ខ្លួនឲ្យបានល្អ សំដៅអភិវឌ្ឍន៍មូលដ្ឋាន ឆ្លើយតបតម្រូវការនានា និងលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាពលរដ្ឋប្រកបដោយតម្លាភាព គណនេយ្យភាព ។
លោកថា សមាជិក សមាជិកាក្រុមប្រឹក្សា ដែលទើបតែតែងតាំងថ្មី ត្រូវពិនិត្យទៅលើច្បាប់ ស្តីពីការគ្រប់គ្រងក្រុមប្រឹក្សាឃុំ សង្កាត់ ស្រុក ខណ្ឌ និងរាជធានី ខេត្ត ដើម្បីសម្រេចបាននូវកិច្ចការងារចាំបាច់ ត្រូវរួមគ្នាពង្រឹងស្មារតី សាមគ្គីភាព ឯកភាពផ្ទៃក្នុងឲ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាល មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់លំដាប់ថ្នាក់ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ប្រសិទ្ធភាពការងារ គោរពច្បាប់គោរព គោលការណ៍ និងពង្រឹងរបៀបធ្វើការ ដើម្បីលើកកម្ពស់ការទទួលខុសត្រូវ និងភាពជាម្ចាស់របស់មន្ត្រី ក្នុងការបំពេញតួនាទីភារកិច្ចរបស់ខ្លួន សំដៅអភិវឌ្ឍមូលដ្ឋាន ឆ្លើយតបចំពោះតម្រូវការរបស់ប្រជាពលរដ្ឋ ក្នុងដែនសមត្ថកិច្ច សង្ឃឹមថាក្រុមប្រឹក្សា គណៈអភិបាល និងមន្ត្រីរាជការទាំងអស់ ខិតខំបំពេញការងាររួមគ្នា ដើម្បីសម្រេចបាននូវសមិទ្ធផលថ្មីៗ បន្ថែមទៀតក្នុងរយៈពេល៥ឆ្នាំខាងមុខនេះ៕