(ភ្នំពេញ)៖ លោក ជា ចាន់តូ អគ្គទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា វិស័យធនាគារកំពុងបន្ដភាពរីកចម្រើនចម្រើន ទាំងទំហំ និងវិសាលភាព ប្រកបដោយសុវត្ថិភាព និងបរិយាប័ន្នដែលនាំឱ្យទ្រព្យសកម្ម ក្នុងប្រព័ន្ធធនាគារកើនដល់១៧៣% នៃផលិតផលក្នុងស្រុកសរុប រីឯប្រាក់បញ្ញើអតិថិជន និងឥណទានចំពោះវិស័យឯកជនកើនដល់១០២% និង៩២%រៀងគ្នា។
ការលើកឡើងបែបនេះ របស់អគ្គទេសាភិបាលរូបនេះ ធ្វើឡើងក្នុងឱកាសដែលលោកអញ្ជើញចូលរួមក្នុងកម្មវិធី អបអរសារទរខួប១០ឆ្នាំនៃធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី របស់វៀតណាម នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។
លោក ជា ចាន់តូ បានឲ្យដឹងថា ការរីកចម្រើននៃវិស័យធនាគារនេះ មកពីការរក្សាបាននូវកំណើនសេដ្ឋកិច្ចក្នុងរង្វង់៧% ដែលគាំទ្រជាចម្បងដោយការបន្ត ហូរចូលវិនិយោគផ្ទាល់ពីបរទេស កំណើនខ្ពស់នៃការនាំចេញ គួបផ្សំនឹងភាពរឹងមាំនៃតម្រូវការក្នុងស្រុក។ ជាក់ស្ដែងកំណើនខ្ពស់ក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ បានលើកស្ទួយកម្រិតជីវភាពពលរដ្ឋ និងកាត់បន្ថយភាពក្រីក្រនៅកម្ពុជា បានឆាប់រហ័សក្នុងល្បឿនយ៉ាងតិច១%ក្នុងមួយឆ្នាំ។
លោកបន្ដថា ចំណែកឯអត្រាអតិផរណា បន្តស្ថិតក្នុងកម្រិតទាបអាចគ្រប់គ្រងបាន ស្របពេលដែលអត្រាប្តូរប្រាក់មានស្ថិរភាពល្អ។ ស្ថិរភាពល្អប្រសើរនៃស្ថានភាពម៉ាក្រូសេដ្ឋកិច្ច ក៏បានបង្កភាពអំណោយផលដល់ការរីកចម្រើនឥតឈប់ឈរនៃវិស័យធនាគារផងដែរ។
លោកបញ្ជាក់ថា ជាមួយភាពរីកចម្រើននេះបាន ធ្វើឲ្យបណ្តាញប្រតិបត្តិការរបស់ធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុរីកដុះដាលទូទាំងរាជធានី-ខេត្ត ផលិតផលហិរញ្ញវត្ថុថ្មីៗត្រូវបានបង្កើត ស្របពេលដែលហេដ្ឋារចនាសម្ព័ន្ធហិរញ្ញវត្ថុត្រូវបានអភិវឌ្ឍយ៉ាងសកម្ម ដែលជាលទ្ធផលបានពង្រីកលទ្ធភាពប្រើប្រាស់ និងទទួលបានសេវាហិរញ្ញវត្ថុរបស់ប្រជាពលរដ្ឋ ក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន ពិសេសប្រជាពលរដ្ឋរស់នៅតាមជនបទ។
លោកឲ្យដឹងទៀតថា «ក្នុងនោះប្រព័ន្ធទូទាត់ត្រូវបាន អភិវឌ្ឍជាលំដាប់ស្របតាម ការរីកចម្រើននៃបច្ចេកវិទ្យាហិរញ្ញវត្ថុ និងឆ្លើយតបទៅនឹងតម្រូវការសមាហរណកម្មអាស៊ាន ហើយបរិយាប័ន្នហិរញ្ញវត្ថុ បានបន្តកើនឡើងជាលំដាប់ ដោយបច្ចុប្បន្នប្រជាជនពេញវ័យប្រមាណ៦៩% កំពុងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ»។
លោក ជា ចាន់តូ បានលើកឡើងថា ធនាគារ សាខមប៊ែង (ខេមបូឌា) ភីអិលស៊ី ជាធនាគារពាណិជ្ជវៀតណាមមួយ ដែលបង្កើតឡើងក្នុងប្រទេសកម្ពុជា ក្នុងចំណោមធនាគារវៀតណាមចំនួន៥។ ទន្ទឹមនេះធនាគារក៏បានបង្កើនដើមទុនជាបន្តបន្ទាប់ ដើម្បីឆ្លើយតបតាមសំណូមពរថ្មីៗរបស់អតិថិជន បំពេញតាមបទប្បញ្ញត្តិរបស់ធនាគារជាតិនៃកម្ពុជា និងពង្រីកបណ្តាញសាខារបស់ខ្លួនរហូតដល់៩ ដែលស្របតាមការវិវឌ្ឍឥតឈប់ឈរនៃប្រព័ន្ធធនាគារ។
លោកបានឲ្យដឹងទៀតថា វត្តមានរបស់ធនាគារវៀតណាមគឺ ធនាគារសាខមប៊ែង (ខេមបូឌា) ភីអិលស៊ី បានបង្ហាញពី ទំនុកចិត្តរបស់វិនិយោគិនវៀតណាម មកលើប្រទេសកម្ពុជា និងបង្ហាញពី ចំណងទាក់ទងពាណិជ្ជកម្ម មិត្តភាព និងកិច្ចសហប្រតិបត្តិការ កាន់តែជិតស្និទ្ធិរវាងវៀតណាម និងកម្ពុជា។
សូមជម្រាបថា ក្នុងឱកាសអបអរសាទរព្រឹត្តិការណ៍រំលឹកខួបអនុស្សាវរីយ៍ ១០ឆ្នាំ នៃថ្ងៃបង្កើតធនាគារសាខមប៊ែង(ខេមបូឌា)ភីអិលស៊ី លោក ង្វៀង ញី ថាញ់ ប្រធាននាយកប្រតិបត្តិធនាគារសាខមប៊ែង (ខេមបូឌា) ថ្លែងអំណរគុណចំពោះវត្តមានក្នុងចូលរួម និងបានថ្លែងបញ្ជាក់ថា សាខមប៊ែង គឺជាធនាគារពាណិជ្ជឈានមុខគេ របស់វៀតណាមដំបូងគេ ដែលបានបង្កើតសាខាធ្វើប្រតិបត្តិការនៅទីក្រុងភ្នំពេញ នៅលើទឹកដីកម្ពុជាដែលសំបូរដោយប្រាង្គប្រាសាទដ៏ស្រស់ស្អាត។ រំលឹកឡើងវិញនូវ ឆ្នាំនៃការធ្វើប្រតិបត្តិការដំបូងឡើយជួបប្រទះនូវបញ្ហាលំបាក និងបញ្ហាប្រឈមជាច្រើន សម្រាប់សាខមប៊ែង នៅលើទីផ្សារថ្មីនៅក្រៅប្រទេស។
មកទល់នឹងពេលនេះ ធនាគារ សាខមប៊ែង (ខេមបូឌា)ភីអិលស៊ី មានស្នាក់ការកណ្តាលចំនួន ១កន្លែង និង៩សាខា ខេត្ត/ក្រុង (៦សាខានៅក្រុងភ្នំពេញ ១សាខាក្នុងខេត្តកំពង់ចាម ១សាខាក្នុងខេត្តកណ្តាល និង១សាខាទៀតក្នុងខេត្ត សៀមរាប) ដែលមានបុគ្គលិកចំនួន ២៧៥នាក់វ័យក្មេង ស្វាហាប់ ចេះឆ្នៃប្រឌិត មានការប្តេជ្ញាខ្ពស់ ស្មោះស្ម័គ្រ ចេះយកចិត្តទុកដាក់បម្រើអតិថិជនជាង ២០.០០០នាក់ បានចូលរួមចំណែកក្នុងការជំរុញឱ្យអាជីវកម្មអភិវឌ្ឍ ឆាប់រហ័ស មានស្ថេរភាព អាចជ្រៀតចូលឆាប់រហ័សក្នុងទីផ្សារក្នុងស្រុក បានចូលរួមអភិវឌ្ឍខឿនសេដ្ឋកិច្ច-សង្គម នៅលើទឹកដីកម្ពុជា៕