(ព្រៃវែង)៖ នាព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមការងារថ្នាក់ជាតិ ចុះជួយស្រុកពារាំង ដឹកនាំដោយលោក វង្ស ពិសេន ដោយបានឃើញការខូចខាតនូវផ្ទះសម្បែង របស់ប្រជាពលរដ្ឋដោយសារគ្រោះធម្មជាតិ ខ្យល់កន្ត្រាក់ កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ សរុបចំនួន៦៣ខ្នង នៅក្នុងនោះផ្ទះដែលខូចខាតធ្ងន់ធ្ងរមានចំនួន១៧ខ្នង និងផ្ទះដែលបាក់បែកបន្តិចបន្តួច មានចំនួន៤៦ខ្នង។
លោក វង្ស ពិសេន ក៏បានពាំនាំនូវគ្រឿងឧបភោគរួមមានអង្ករ ទឹកត្រី ទឹកស៊ីអ៊ីវ និងថវិកាជូនដល់ប្រជាពលរដ្ឋ ដែលទទួលការខូចខាតផ្ទះសម្បែងធ្ងន់ធ្ងរ ក្នុង១ខ្នង ៥០០,០០០រៀល និងជូនដល់ប្រជាពលរដ្ឋ ដែលទទួលរងការបាក់បែកផ្ទះបន្តិចបន្តួច នូវថវិកាចំនួន២០០,០០០រៀលក្នុងមួយខ្នង និងជូនថវិកាដល់ចាស់ជរាចំនួន៧នាក់ ក្នុងម្នាក់ៗនូវថវិកាចំនួន៥០,០០០រៀល សរុបថវិកាចំនួន ២០,០៥០,០០០រៀល។
ខណៈនោះដែរ លោកប្រធានក្រុមការងារ បានបួងសួង សូមកុំឲ្យមានគ្រោះធម្មជាតិកើតឡើងបណ្ដាលឲ្យខូចខាតផ្ទះសម្បែងរបស់ប្រជាពលរដ្ឋបន្តទៀត៕