(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ តាមរយៈសាររំលែកទុក្ខមួយ ផ្ញើទៅកាន់គ្រួសារជនរងគ្រោះ នៅថ្ងៃទី២៣ ខែមិថុនានេះ បានប្រកាសចាត់វិធានការស្រាវជ្រាវ និងស្វែងរកឱ្យឃើញនូវដើមហេតុ នៃការរលំបាក់អគារ៧ជាន់ នៅក្រុងព្រះសីហនុ ដែលបណ្តាលឱ្យមនុស្សស្លាប់១៧នាក់ និងរបួស២៤នាក់ កាលពីម្សិលមិញ។
សារលិខិតសម្តេចក្រឡាហោម ស ខេង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកទល់ពេលនេះ ក្រុមការងាររបស់អាជ្ញាធរមានសមត្ថកិច្ចកំពុងបន្តខិតខំយ៉ាងសស្រាក់សស្រាំដោយបានប្រមូលផ្តុំកម្លាំង និងមធ្យោបាយ ដើម្បីពនឿនប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះជនរងគ្រោះដែលកំពុងបាត់ខ្លួន ។ ទន្ទឹមនេះ តាមរយៈយន្តការអន្តរក្រសួង ខ្ញុំនឹងចាត់វិធានការជាក់ស្តែងចំពោះមុខដទៃទៀត ដោយត្រូវបន្តជម្រុញស្រាវជ្រាវ និងស្វែងរកឲ្យឃើញនូវដើមហេតុ ដែលនាំឲ្យកើតមានសោកនាដកម្មដ៏អាណោចអាធម្មនេះ ព្រមទាំងចាត់វិធានការលើបុគ្គលពាក់ព័ន្ធ ដើម្បីទទួលខុសត្រូវតាមផ្លូវច្បាប់»។
សូមបញ្ជាក់ថា កាលពីវេលាទាបភ្លឺ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ មានករណីរលំបាក់អគារកម្ពស់៧ជាន់មួយ នៅក្នុងភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ បណ្តាលឱ្យកម្មករ ដែលសាងសង់អគារនេះ ស្លាប់ និងរបួសជាច្រើននាក់។
ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង០៦៖៣០នាទីព្រឹកថ្ងៃអាទិត្យនេះ ចំនួនអ្នកស្លាប់ដោយករណីខាងលើ បានកើនដល់១៧នាក់ និងមានអ្នករបួស២៤នាក់ ហើយបាននិងកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ។
ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា សំណង់ខាងលើនេះ មិនបានសុំច្បាប់អនុញ្ញាត សាងសង់ទេ ហើយក៏ធ្លាប់ត្រូវបានអាជ្ញាធរហាមប្រាមចំនួន២ដងផងដែរ៕
ខាងក្រោមនេះជាសាររំលែកទុក្ខរបស់សម្តេចក្រឡាហោម ស ខេង៖