(ភ្នំពេញ)៖ លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ រួមទាំងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ក៏ដូចជាក្រុមគ្រួសារជនរងគ្រោះ បានផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា ដែលបានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ ជួយឧបត្ថម្ភដល់ក្រុមគ្រួសារអ្នកស្លាប់ក្នុងម្នាក់ថវិកាចំនួន ៤០លានរៀល និងអ្នករងរបួសក្នុងម្នាក់ថវិកាចំនួន ៥លានរៀល ព្រមទាំងទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋថែមទៀត។
ជំនួសមុខឱ្យក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ លោក យន្ត មីន បានសម្តែងនូវការគោរពដឹងគុណ និងចងចាំជានិច្ច ចំពោះ សម្តេចតេជោ ដែលបានគិតគូរយកចិត្តទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនកម្មករដែលរងគ្រោះដោយសារឧបទ្ទវហេតុដ៏អាក្រក់នេះ។
លោកចាត់ទុកថា ការឧបត្ថម្ភគាំទ្ររបស់សម្តេចតេជោនាយករដ្ឋមន្រ្តី ពិតជាបានកាត់បន្ថយការលំបាករបស់ក្រុមគ្រួសារនៃជនរងគ្រោះ និងបង្ហាញឱ្យឃើញយ៉ាងច្បាស់នូវសមានចិត្តចូលរួមរំលែកទុក្ខដ៏ជ្រាលជ្រៅរបស់សម្តេច ពោរពេញដោយក្តីមេត្តាករុណាជាទីបំផុត ។
ក្នុងនាមក្រុមប្រឹក្សាខេត្ត គណៈអភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់និងប្រជាពលរដ្ឋនៃខេត្តព្រះសីហនុ ជាពិសេសក្រុមគ្រួសារនៃជនរងគ្រោះទាំងអស់ លោកសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ និងទេវតាថែរក្សាព្រះរាជាណាចក្រកម្ពុជា សូមប្រសិទ្ធពរជ័យ សិរីមង្គល វិបុលសុខ មហាប្រសើរ ជូនចំពោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា សូមមានបញ្ញាញាណភ្លឺថ្លា ជន្មាយុយឺនយូរ និងទទួលបានជោគជ័យថ្មីៗបន្ថែមទៀត ក្នុងការដឹកនាំកម្ពុជាប្រកបដោយសុខសន្តិភាព មានស្ថេរភាពនយោបាយ និងការអភិវឌ្ឍជឿនលឿនលើគ្រប់វិស័យ៕
ខាងក្រោមនេះជាលិខិតរបស់លោកអភិបាលខេត្តព្រះសីហនុ៖