Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ចុះសាកសួរសុខទុក្ខអ្នករងរបួស និងពិនិត្យសពអ្នកដែលស្លាប់ដោយសារបាក់រំលអគារ នៅមន្ទីរពេទ្យចំការចេក ក្រុងព្រះសីហនុ

23-06-2019 12:01

(ព្រះសីហនុ)៖ ឧបនាយរដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន ជារដ្ឋមន្រ្តីទីស្តីការ និងជាអ្នកទទួលបន្ទុកចាត់ចែងថវិការបស់រាជរដ្ឋាភិបាលកម្ពុជា ជូនបងប្អូនជនរងគ្រោះស្លាប់ និងរបួសដោយសារឧបទ្ទវហេតុបាក់រលំអគារកម្ពស់៧ជាន់ នៅក្រុងព្រះសីហនុ នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ បានអញ្ជើញចុះសាកសួរសុខទុក្ខអ្នកកំពុងរងរបួស និងពិនិត្យសព អ្នកស្លាប់ដោយសារគំនរអគារសង្កត់ នៅមន្ទីរពេទ្យចំការចេក ស្ថិតក្នុងក្រុងព្រះសីហនុ។

ក្នុងឱកាសនោះ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ ប៊ិន ឈិន បានពាំនាំនូវការសាកសួរសុខទុក្ខ និងចូលរួមរំលែកមរណទុក្ខចំពោះគ្រួសារសព ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលកំពុងតាមដានយ៉ាងយកចិត្តទុកដាក់បំផុត ចំពោះករណីបាករលំអគារនេះ ហើយថែមសម្រេចបញ្ចេញថវិកា សម្រាប់ឧបត្ថម្ភដល់ក្រុមគ្រួសារសព និងអ្នករងរបួសផងដែរ។

សូមជម្រាបថា ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោង១១៖៣០ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ដោយគំនរអគារសង្កត់លើ បានកើនឡើងដល់ចំនួន១៨នាក់ (ស្រី៤នាក់) និងអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់) ខណៈក្រុមជួយសង្គ្រោះរាប់រយនាក់ កំពុងបន្តប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ស្វែងរកជនរងគ្រោះដែលសង្ស័យថា នៅកំពុងជាប់ក្នុងគំនរអាគារ៕