(ព្រះសីហនុ)៖ ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះ ដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង១១៖៣០នាទីព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់១៨នាក់ និងអ្នករបួស២៤នាក់ ក្រោយក្រុមសង្គ្រោះបានរកឃើញសាកសពបុរសម្នាក់ទៀត នៅក្នុងគំនរបាក់បែកនៃអគារ។ ក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមុនស្ស ដែលសង្ស័យថា អាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។
តុល្យការចុងក្រោយ នៃឧបទ្ទវហេតុរលំអគារនេះ បានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៤២រូប ក្នុងនោះស្លាប់ចំនួន១៨នាក់ (ស្រី៤នាក់) ហើយអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់)។ សាច់ញាតិជនរងគ្រោះដែលស្លាប់បានបំពេញបែបបទ ដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណីបណ្តើរៗហើយ។
ក្រុមការងារជួយសង្គ្រោះជនរងគ្រោះ ដែលដឹកនាំដោយលោករដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមនឹងរដ្ឋបាលសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្ត អាជ្ញាធរដែនដី និងក្រុមសង្គ្រោះបានបន្តប្រតិបត្តិការពេញមួយយប់ ថ្ងៃទី២២ និងបានបន្តរហូតមកទល់ពេលនេះ។
លោក សាយ សំអាល់ សូមគោរពថ្លែងអំណរគុណដល់គ្រប់មជ្ឈដ្ឋានទាំងអស់ ដែលបានចូលរួមកម្លាំងសាមគ្គីក្នុងបេសកកម្ម រុករកជនរងគ្រោះនៅក្នុងឧបទ្ទវហេតុបាក់រលំអគារនេះ។
នៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចយកថវិកាជាតិ ជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុងសោកនាដកម្ម បាក់អគារនៅខេត្តព្រះសីហនុ អ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។
សម្តេចតេជោ ហ៊ុន សែន ប្រកាសសម្រេចជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុងសោកនាដកម្មបាក់អគារនៅខេត្តព្រះសីហនុ ក្រុមគ្រួសារអ្នកស្លាប់ទទួលបាន៤០លានរៀល និងអ្នករងរបួសចំនួន៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Facebook ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោកនាដកម្មបាក់អគារនៅខេត្ត ព្រះសីហនុ គឺជារឿងឈឺចាប់របស់ជាតិយើង ពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិត ដែលជាភរិយា ឬស្វាមីឬកូនឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិកាជាតិ ជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល (សែសិបលានរៀល) ឬ១ម៉ឺនដុល្លា (10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបាន ការព្យាបាលដោយឥតគិតថ្លៃ នៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល (ប្រាំលានរៀល)»៕