(ព្រះវិហារ)៖ យ៉ាងហោចណាស់មនុស្ស៣នាក់ បានស្លាប់បាត់បង់ជីវិត ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់រវាងរថយន្ត និងម៉ូតូបុកគ្នាយ៉ាងពេញទំហឹង។ ហេតុការណ៍នេះបានកើតឡើង នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ឲ្យដឹងថា មុនពេលកើតហេតុរថយន្តបើកបរ ក្នុងទិសដៅពីកើតទៅលិច ចំណែកម៉ូតូបើកបរក្នុងទិសដៅពីលិចទៅកើត លុះដល់កន្លែងកើតហេតុរថយន្តបានបត់ឆ្វេងស្របពេល និងម៉ូតូបើកមកដល់បណ្តាលឲ្យបុកគ្នាយ៉ាងពេញទំហឹងតែម្តង ធ្វើឲ្យមនុស្ស២នាក់ស្លាប់នៅនឹងកន្លែង និងម្នាក់ទៀតស្លាប់ពេលបញ្ជូនទៅសង្រ្គោះនៅឯមន្ទីរពេទ្យ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខ។
អធិការរូបនេះ បានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ ទី១៖ឈ្មោះ ចំរើន ណារុង អាយុ១៧ឆ្នាំ សិស្សសាលា មានទីលំនៅភូមិត្រពាំងធំ ឃុំទឹកក្រហម, ទី២៖ឈ្មោះ កែវណា រ៉ាត់ អាយុ១៧ឆ្នំា សិស្សសាលា មានទីលំនៅភូមិជាំក្សាន្ត ឃុំជាំក្សាន្ត និងទី៣៖ឈ្មោះ ជូ ណាក់ អាយុ១៦ឆ្នាំ សិស្សសាលា មានទីលំនៅភូមិកន្ទួត ឃុំកន្ទួត។ ដោយឡែកអ្នកបើកបររថយន្ត Ford ពណ៌ស ពាក់ស្លាកលេខភ្នំពេញ2AY-9595 បានរត់គេចខ្លួនបាត់ ចំណែកម៉ូតូម៉ាក Honda C125 ស៊េរីឆ្នាំ២០១៨ ពណ៌ខ្មៅ ស្លាកលេខព្រះវិហារ1C-7555។
ប្រភពពីសមត្ថកិច្ចផ្សេងទៀតបានឲ្យដឹងថា រថយន្តបង្កគឺបើកបរដោយ លោក គឹម ជេដ្ឋាវី នាយផ្នែករដ្ឋបាលព្រៃឈើស្រុកជាំក្សាន្ដ មុនពេលកើតហេតុ ជនសង្ស័យចេញពីខារ៉ាអូខេ មានភាពស្រវឹង គួបផ្សំបើកបរខ្វះការប្រុងប្រយ័ត្ន បានរេចង្កូតទៅបុកម៉ូតូជនរងគ្រោះតែម្ដង។
ករណីខាងលើនេះ សមត្ថកិច្ចជំនាញបានធ្វើការវាស់វែង និងនាំយកវត្ថុតាងរថយន្ត និងម៉ូតូយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកជាំក្សាន្ត ដើម្បីដោះស្រាយតាមនីតិវិធីច្បាប់៕