(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់ តែងតាំង លោក អ៉ឹម ឈុនលឹម ឲ្យបន្តធ្វើជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញ សម្រាប់អាណត្តិ៣ឆ្នាំ លើកទី៨ សម្រាប់ឆ្នាំ២០១៩ ដល់ ឆ្នាំ២០២២។ នេះបើតាមព្រះរាជក្រឹត្យដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ។
សូមជម្រាបថា ព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩ លោក អ៉ឹម ឈុនលឹម ត្រូវបានសមាជិក សមាជិកាទាំង៩រូបនៃក្រុមប្រឹក្សាធម្មនុញ្ញ បោះឆ្នោតគាំទ្រជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិទី៨ ដែលមានរយៈពេល៣ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២២។
ពិធីបោះឆ្នោតត្រូវបានធ្វើឡើងជាសម្ងាត់ ក្រោមអធិបតីភាពរបស់សមាជិកក្រុមប្រឹក្សាធម្មនុញ្ញដែលមានអាយុច្រើនជាងគេ។ បន្ទាប់ពីបានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាអាណត្តិថ្មី លោក អ៉ឹម ឈុនលឹម បានប្តេជ្ញាចិត្តថា នឹងគោរពតាមរដ្ឋធម្មនុញ្ញ ច្បាប់បទបញ្ជាផ្ទៃក្នុងរបស់ក្រុមប្រឹក្សាធម្មនុញ្ញ និងខិតខំបំពេញតួនាទីដែលជាសមត្ថកិច្ចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ គឺការពាររបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញ ការកសាងការពារព្រះ រាជាណាចក្រកម្ពុជាឱ្យក្លាយទៅជានីតិរដ្ឋ និងអភិវឌ្ឍន៍។
លោក អ៉ឹម ឈុនលឹម ជាអតីតរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ លោក អ៉ឹម ឈុន បានជាប់ឆ្នោតជាប្រធានក្រុមប្រឹក្សាធម្មនុញ្ញក្នុងអាណត្តិទី៧ កាលពីឆ្នាំ២០១៦។
សូមបញ្ជាក់ថា ក្រៅពីការបោះឆ្នោតជ្រើសរើសប្រធានក្រុមប្រឹក្សាធម្មនុញ្ញសម្រាប់អាណត្តិថ្មីហើយនោះ នៅព្រឹកមិញនេះ ក៏មានមានរៀបចំពិធីផ្ទេរតំណែងសមាជិក សមាជិកា ក្រុមប្រឹក្សាធម្មនុញ្ញចំនួន ០៣រូប ដែលបានចប់អាណត្តិ ឆ្នាំ២០១០-២០១៩ផងដែរ។ សមាជិក សមាជិកា ដែលចូលកំណែងអាណត្តិថ្មីមានរយៈពេល៩ឆ្នាំ ចាប់ពីឆ្នាំ២០១៩ ដល់ឆ្នាំ២០២៨រួមមាន៖ ទី១. លោក ហ៉ី សោភា បោះឆ្នោតជ្រើសតាំងដោយឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម, ២. លោកស្រី លី វួចឡេង បោះឆ្នោតជ្រើសតាំងដោយរដ្ឋសភាជាតិ និងទី៣. លោក កែវ ពុធរស្មី ត្រូវបានតែងតាំងដោយអង្គព្រះមហាក្សត្រ៕