(ព្រះសីហនុ)៖ ឧបទ្ទវហេតុរលំអគារកម្ពស់៧ជាន់ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ រហូតមកដល់ម៉ោងជាង១០ព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩នេះ ចំនួនអ្នកស្លាប់ដោយគំនរអគារសង្កត់លើ បានកើនឡើងដល់ចំនួន១៧នាក់ (ស្រី៤នាក់) និងអ្នករងរបួសចំនួន២៤រូប (ស្រី២នាក់) ខណៈក្រុមជួយសង្គ្រោះរាប់រយនាក់ កំពុងបន្តប្រតិបត្តិការយ៉ាងយកចិត្តទុកដាក់ស្វែងរកជនរងគ្រោះដែលសង្ស័យថា នៅកំពុងជាប់ក្នុងគំនរអាគារ។
ដោយមើលឃើញពីសោកនាដកម្មបាក់អគារដ៏រន្ធត់នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានសម្រេចយកថវិកាជាតិជួយឧបត្ថម្ភដល់ជនរងគ្រោះ ក្នុងសោកនាដកម្មបាក់អគារនៅខេត្តព្រះសីហនុនេះ ដោយអ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។
ក្រៅពីនេះថវិកាមួយចំនួនទៀតក៏ត្រូវបានជួយឧបត្ថម្ភដល់ក្រុមគ្រួសារសព និងអ្នករបួសដោយសារការបាក់រលំអគារនេះដែរ រួមមាន៖ ថវិកាក្រុមការងារថ្នាក់ជាតិ និងកាកបាទក្រហម ថវិកាសាលាខេត្ត ថវិកាព្រះរាជអាជ្ញា ថវិកាតំណាងរាស្ត្រ និងថវិកា ប.ស.ស របស់ក្រសួងការងារ។
បើសរុបថវិកាឧបត្ថម្ភសម្រាប់ជនរងគ្រោះដែលអ្នកស្លាប់ គឺម្នាក់ៗទទួលបានថវិកា៤៩លានរៀល ក្នុងនោះថវិការាជរដ្ឋាភិបាលកម្ពុជា សម្រេចផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន ចំនួន៤០លានរៀល, ក្រុមការងារថ្នាក់ជាតិ១លានរៀល, កាកបាទក្រហម១លានរៀល សាលាខេត្ត២លានរៀល, ព្រះរាជអាជ្ញា៥០ម៉ឺនរៀល, តំណាងរាស្រ្តខេត្តព្រះសីហនុ៥០ម៉ឺនរៀល និងថវិកា ប.ស.ស របស់ក្រសួងការងា៤លានរៀល។
ចំពោះអ្នករបួសវិញទទួលបានឧបត្ថម្ភសរុប ៧,២០០,០០០រៀលក្នុងម្នាក់ ដោយក្នុងនោះមានថវិការាជរដ្ឋាភិបាលកម្ពុជាសម្រេចផ្តល់ដោយសម្តេចតេជោ ហ៊ុន សែន ចំនួន៥លានរៀល, ថវិកាក្រុមការងារថ្នាក់ជាតិ១លានរៀល, កាកបាទក្រហម១លានរៀល និងថវិកាសាលាខេត្ត២០ម៉ឺនរៀល។
អាជ្ញាធរខេត្តព្រះសីហនុបានឲ្យដឹងថា គិតត្រឹមព្រឹកនេះ ថវិកាសម្រាប់ឧបត្ថម្ភដល់គ្រួសារសព ត្រូវសាលាខេត្តបានចាត់ឲ្យអភិបាលរងខេត្តម្នាក់ ចាំប្រគល់ជូនគ្រួសារដោយផ្ទាល់ចំនួន៤៥លានរៀល ចំណែក៤លានទៀត ខាងក្រសួងការងារនឹងប្រគល់ជូនគ្រួសារសពដោយឡែក៕