(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានស្នើដល់ប្រមុខរាជ/រដ្ឋាភិបាលអាស៊ានទាំងអស់ ឱ្យខិតខំជំរុញពាណិជ្ជកម្មបន្ថែមទៀត ក្នុងចំណោមប្រទេសដែលសមាជិកអាស៊ានទាំង១០។
ការលើកឡើងរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានធ្វើឡើង ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ (ពេញអង្គ) នៅទីក្រុងបាងកក ប្រទេសថៃ នារសៀល ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩។
លោក កៅ គឹមហួន រដ្ឋមន្ត្រី ប្រតិភូ អម នាយករដ្ឋមន្រ្តី បានលើកឡើងថា នៅក្នុងកិច្ចប្រជុំនោះ សម្តេចតេជោ ហ៊ុន សែន ស្នើអង្គប្រជុំអាស៊ាន ពិសេសប្រមុខរាជ/រដ្ឋាភិបាលអាស៊ាន ជំរុញការធ្វើពាណិជ្ជកម្ម នៅក្នុងអាស៊ានឱ្យបានច្រើនជាងមុន។ សម្តេចបានលើកឡើងទៀតថា ទំហំពាណិជ្ជកម្មនៅក្នុងតំបន់អាស៊ាន នៅមានផ្ទៃក្នុងអាស៊ាននៅមានកម្រិតនៅឡើយ ហើយសម្តេចបានជំរុញឱ្យបង្កើនឱ្យបានច្រើនជាងមុន។
សម្ដេចតេជោក៏បានបន្តថា ដោយសារឆ្នាំនេះគឺជាខួប២០ឆ្នាំដែលកម្ពុជាចូលជាសមាជិកអាស៊ាន ហើយកន្លងមកនេះ កម្ពុជាក៏បានគោរពទៅតាមគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួនក្នុងការចូលរួមជាសមាជិកអាស៊ាននេះ ពិសេសការចូលរួមថែរក្សាសន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ និងវិបុលភាព ជាពិសេសពាក់ព័ន្ធទៅនឹងមជ្ឈមណ្ឌលកម្ចាត់មីនតំបន់អាស៊ានដែលអណត្តិនេះនឹងមានទីតាំងនៅក្នុងប្រទេសកម្ពុជា ដែលមានការជួយពីបណ្ដាប្រទេសផ្សេងទៀត ហើយបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការឆ្លើយតបទៅនឹងចក្ខុវិស័យរបស់អាស៊ាន។
សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ទៅកាន់ទីក្រុងបាងកក ប្រទេសថៃ ដើម្បីទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៤ ដែលប្រព្រឹត្តទៅចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩ តបតាមការអញ្ជើញរបស់លោក ប្រាយុទ្ធ ច័ន្ទអូឆា នាយករដ្ឋមន្ត្រីថៃ និងជាប្រធានប្តូរវេនរបស់អាស៊ាន៕