(ភ្នំពេញ)៖ អភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានចេញលិខិតបង្គាប់ការ សម្រេចបង្កើតក្រុមចុះពីនិត្យលក្ខណៈបច្ចេកទេស និងគុណភាពសំណង់ដែលបានបាក់រលំ សង្កត់មនុស្សស្លាប់ និងរបួសជាច្រើននាក់ កាលពីព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនាម្សិលមិញ ក្នុងក្រុងព្រះសីហនុ។ នេះបើតាមលិខិតបង្គាប់ការ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅព្រឹកថ្ងៃទី២៣ ខែមិថុនានេះ។
ក្រុមចុះពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាពសំណង់នេះ មានអភិបាលរងខេត្តម្នាក់ជាប្រធាន, ប្រធានមន្ទីររៀបចំដែនដី, មេប៉េអឹមខេត្ត, មេប៉ូលិសខេត្ត និង អភិបាលក្រុងព្រះសីហនុ ជាអនុប្រធាន។ ក្រៅពីនោះមានសមាជិកដែលប្រធានមន្ទីរមួយចំនួន និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។
ក្រៅពីមានភារកិច្ច ចុះពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាពសំណង់ ដែលបានរលំហើយនោះ ក្រុមចុះពិនិត្យលក្ខណៈបច្ចេកទេស និងគុណភាពសំណង់នេះ មានភារកិច្ច៖
* ស្រាវជ្រាវអំពីសកម្មភាពធ្វេសប្រហែសរបស់មន្ត្រី ដែលមានសមត្ថកិច្ចពាក់ព័ន្ធក្នុងការអនុវត្តន៍ច្បាប់ និងអំពីមូលហេតុផ្សេងៗដែលបង្កឲ្យមានគ្រោះថ្នាក់រលំបាក់អគារ.
* ពិនិត្យបទដ្ឋាន បច្ចេកទេសសំណង់ ឬប្លង់លម្អិតគ្រឿងបង្គុំសំណង់ និងប្លង់ស្ថាបត្យកម្ម។
* ចាត់វិធានការតាមផ្លូវច្បាប់ចំពោះម្ចាស់សំណង់ ឬអ្នកទទួលខុសត្រូវ ឬអ្នកគ្រប់គ្រង ដែលមិនអនុវត្តតាមការណែនាំរបស់ក្រុមការងារបច្ចេកទេស។
* ក្នុងករណីរកឃើញថា មានមន្ត្រីពាក់ព័ន្ធ ឬមានកំហុស ត្រូវចាត់វិធានការតាមនីតិវិធីច្បាប់។
* ចូលរួមប្រជុំ និងអនុវត្តន៍ផែនការសកម្មភាពតាមការកំណទ់របស់ប្រធានក្រុមការងារ។
* ក្រុមការងារត្រូវធ្វើកំណត់ហេតុ និងរបាយការណ៍អំពីលទ្ធផលការងារជូនអភិបាលខេត្ត ដើម្បីពិនិត្យ និងសម្រេច។
សូមជម្រាបថា ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង០៦៖៣០នាទីព្រឹកថ្ងៃអាទិត្យនេះ ចំនួនអ្នកស្លាប់កើនដល់១៧នាក់ និងអ្នករបួស២៤នាក់ ហើយបាននិងកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ៕