(ព្រះសីហនុ)៖ ប្រតិបត្តិការក្រុមអ្នកសង្គ្រោះជនរងគ្រោះដែលអគរសំណង់រលំសង្កត់លើនៅតែបន្តនៅយប់រំលងអធ្រាត្រថ្ងៃទី២២ ឈានចូលដល់ថ្ងៃទី២៣ ខែមិថុនានេះដោយក្រុម សង្គ្រោះបានរកឃើញមនុស្ស៣នាក់ទៀត ដែលក្នុងនោះ២នាក់បានស្លាប់ ហើយក្មេងស្រី១នាក់ នៅរស់រានមានជីវិត ហើយបាននិងកំពុងត្រូវបានសង្គ្រោះនៅមន្ទីរពេទ្យ។
ស្រីដែលនៅរស់ឈ្មោះ អ៊ុន ណេង អាយុ១៦ឆ្នាំ ស្រុកសំបូរ ខេត្តក្រចះ។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឱ្យមនុស្សស្លាប់ និងរងរបួសចំនួន៣៩រូបក្នុងនោះស្លាប់ចំនួន១៥នាក់ ហើយអ្នករងរបួសចំនួន២៤រូប។ រហូតមកទល់នឹងនឹងពេលនេះកម្លាំងសង្គ្រោះបន្តធ្វើការរុករកជនរងគ្រោះដែលស្ថិតក្នុងឧបទ្ទវហេតុនៃការរលំបាក់ អគារនេះចាប់តាំងពីព្រឹកព្រលឹមមក ហើយបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួនដើម្បីស្វះស្វែងរកជនរងគ្រោះបន្តទៀតទោះជាស្ថិតនៅក្រោមដំណក់ទឹកភ្លៀងក៏ដោយ។ ក្រុមសង្គ្រោះបានសហការគ្នានិងរួមកម្លាំង សាមគ្គីគ្នាដើម្បីជួយសង្គ្រោះជនរងគ្រោះ។
រដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ សមាជិកក្រុមការងារ និងរដ្ឋបាលសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានចុះពិនិត្យដោយផ្ទាល់នៅកន្លែងកើតហេតុ និងបានកៀរគរកម្លាំងសង្គ្រោះពីមជ្ឈដ្ឋាននានា ដើម្បីជួយសង្គ្រោះជនរងគ្រោះខ្លះដែលសង្ស័យថា បាននិងកំពុងស្ថិតនៅក្នុង គំនរបាក់បែកនោះនៅឡើយ។
ប៉ុន្តែទោះជាយ៉ាងណាមិនទាន់មានប្រភពព័ត៌មានណាមួយអាចបញ្ជាក់ថា នៅមានមនុស្សប៉ុន្មាននាក់ទៀតកំពុងជាប់ក្នុងគំនរអគាររលំនេះទេ៕