(ភ្នំពេញ)៖ នៅរាត្រីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានប្រកាសសម្រេចយកថវិកាជាតិជួយឧបត្ថម្ភដល់ជនរងគ្រោះក្នុង សោកនាដកម្ម បាក់អគារនៅខេត្តព្រះសីហនុ អ្នកស្លាប់ទទួលបាន៤០លានរៀល (មួយម៉ឺនដុល្លារ) និងអ្នករងរបួស៥លានរៀល និងទទួលការព្យាបាលដោយឥតគិតថ្លៃ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសតាមរយៈ Facebook ជាមួយខ្លឹមសារយ៉ាងដូច្នេះថា៖ «បងប្អូនជនរួមជាតិជាទីគោរពស្រឡាញ់។ សោកនាដកម្មបាក់អគារនៅខេត្ត ព្រះសីហនុគឺជារឿងឈឺចាប់របស់ជាតិយើងពិសេសក្រុមគ្រួសារនៃអ្នកដែលបានបាត់បង់ជិវិតដែលជាភរិយា ឬស្វាមីឬកូនឬឪពុកម្តាយ។ល។ ដើម្បីចូលរួមមរណទុក្ខ និងជួយដល់ជីវភាពក្រុមគ្រួសារក្នុងនាម រាជរដ្ឋាភិបាលខ្ញុំសម្រេចបញ្ចេញថវិការជាតិជួយដល់ក្រុមគ្រួសារ អ្នកស្លាប់ក្នុងមួយនាក់៤០លានរៀល(សែសិបលានរៀល) ឬ១ម៉ឺនដុល្លា (10.000$)។ សម្រាប់អ្នកត្រូវរបួសទាំងអស់ត្រូវទទួលបានការព្យាបាលដោយឥតគិតថ្លៃនៅតាមមន្ទីរពេទ្យរដ្ឋ និងទទួលបានជំនួយក្នុងមួយនាក់ចំនួន៥លានរៀល (ប្រាំលានរៀល)»។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «ឯកឧត្តម ប៊ិន ឈិន ឧបនាយរដ្ឋមន្ត្រីប្រចាំការ និងជារដ្ឋមន្រ្តីទីស្តីការគណៈរដ្ឋមន្ត្រីទទួលចាត់ចែង ថវិការនេះជូនបងប្អូន។ យប់នេះខ្ញុំនៅបន្តតាមដានការងាររុករក និងសង្រ្គោះជាមួយបងប្អូនតទៅទៀត»។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះគិតត្រឹមម៉ោង៦៖៣០នាទី មនុស្សស្លាប់ និងរងរបួសចំនួន៤១រូប ក្នុងនោះស្លាប់ចំនួន១៧នាក់ ហើយអ្នករងរបួសចំនួន២៤រូប៕