(ព្រះសីហនុ)៖ ការិយាល័យអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តព្រះសីហនុ បានថ្លែងឲ្យដឹងនៅម៉ោង១១៖២០នាទីយប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះថា ក្រុមសង្គ្រោះបានរកឃើញមនុស្ស២នាក់បន្ថែមទៀតពីក្នុងគំនរនៃអគារបែកបាក់ ប៉ុន្តែអកុសលអ្នកទាំង២នាក់ នោះបានរកឃើញថា ស្លាប់នៅក្នុងគំនរអគារបាក់បែក។
រហូតមកទល់នឹងម៉ោង១១៖២០នាទីយប់នេះ តុល្យការថ្មីចុងក្រោយ នៃការរុករកសង្គ្រោះជនរងគ្រោះ បានរកឃើញមនុស្សកើនដល់៣៦នាក់ហើយ ក្នុងនោះស្លាប់១៣នាក់ និងរងរបួសចំនួន២៣នាក់។
សូមជម្រាបថា កម្លាំងសង្គ្រោះសរុបប្រមាណ១,០០០នាក់ បានធ្វើការរុករកជនរងគ្រោះដែលស្ថិតក្នុងឧបទ្ទវហេតុ នៃការរលំបាក់ អគារនេះចាប់តាំងពីព្រឹកព្រលឹមមក ហើយបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួន ដើម្បីស្វះស្វែងរកជនរងគ្រោះបន្តទៀត ទោះជាស្ថិតនៅក្រោមដំណក់ទឹកភ្លៀងក៏ដោយ។ ក្រុមសង្គ្រោះបានសហការគ្នានិងរួមកម្លាំង សាមគ្គីគ្នាដើម្បីជួយសង្គ្រោះជនរងគ្រោះ។
រដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ សមាជិកក្រុមការងារ និងរដ្ឋបាលសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានចុះពិនិត្យដោយផ្ទាល់នៅ កន្លែងកើតហេតុ និងបានកៀរគរកម្លាំងសង្គ្រោះពីមជ្ឈដ្ឋាននានា ដើម្បីជួយសង្គ្រោះជនរងគ្រោះខ្លះដែលសង្ស័យថា បាននិងកំពុងស្ថិតនៅក្នុងគំនរបាក់បែកនោះនៅឡើយ។
ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានប្រភពព័ត៌មានណាមួយ អាចបញ្ជាក់ថា នៅមានមនុស្សប៉ុន្មាននាក់ទៀត កំពុងជាប់ក្នុងគំនរអគាររលំនេះទេ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមនឹងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងក្រុមប្រឹក្សាខេត្តព្រះសីហនុ សូមសម្តែងអំណរគុណចំពោះកាយវិការមនុស្សធម៌របស់ក្រុមសង្គ្រោះទាំងអស់។ ការសង្គ្រោះដែលត្រូវបានអះអាងថា នឹងធ្វើឡើងជាប់ រហូតដល់សង្គ្រោះជនរងគ្រោះបានទាំងអស់ពីគំនរអគាររលំនេះ។
ទាក់ទងនឹងឧបទ្ទវហេតុ នៃការបាក់រលំសំណង់អគារនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលបច្ចុប្បន្នបាននិងកំពុងចូលរួម ប្រជុំកំពូលអាស៊ាននៅប្រទេសថៃ បានតាមដានយ៉ាងយកចិត្តទុកដាក់ ចំពោះដំណើរការសង្គ្រោះជនរងគ្រោះនេះ។
សម្តេចតេជោ ហ៊ុន សែន បានមានសរសេរលើ Facebook យ៉ាងដូច្នេះថា «ខ្ញុំបានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ចុះជួយសង្គ្រោះអាយុជីវិតពលរដ្ឋ ដែលត្រូវបានអគារបាក់រលំសង្កត់»។ សម្តេចបន្ដថា៖ «ខ្ញុំសូមចូលរួមសោកស្តាយយ៉ាងខ្លាំងចំពោះការ បាត់បង់ជីវិតពលរដ្ឋ ដោយសារតែការធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ ដែលបណ្តាលឲ្យមានគ្រោះថ្នាក់កើតឡើងបែបនេះ។ ទោះបីជាខ្ញុំជាប់ប្រជុំក៏ដោយ ក៏ខ្ញុំនៅតែតាមដានដំណើរការរុករក និងសង្គ្រោះដែលយប់នេះត្រូវធ្វើទាំងយប់បន្តទៀត»៕