(ព្រះសីហនុ)៖ លោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ មេបញ្ជាការរងកងពលតូចលេខ៧០ និងជាប្រធានក្រុមជួយសង្គ្រោះ៧១១ ដែលកំពុងដឹកនាំ ក្រុមប្រតិបត្តិការរុករកជនរងគ្រោះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News នៅមុននេះបន្ដិច នាថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះថា ពេលនេះក្រុមសង្គ្រោះបានរកឃើញសាកសព៤នាក់ទៀតហើយ ក្នុងគំនរអគារដែលរលំនៅខេត្តព្រះសីហនុ។
បើតាមលោកឧត្តមសេនីយ៍ទោ សូយ ណារិទ្ធ គិតត្រឹមវេលាម៉ោង១១៖០០នាទីយប់ថ្ងៃនេះ ក្រុមអ្នកជួយសង្គ្រោះបានទាញយកសពជនរងគ្រោះ៤នាក់ ចេញមកក្រៅបានហើយ ខណៈអាចមានជនរងគ្រោះដែលស្លាប់ផ្សេងទៀត កំពុងកប់នៅក្នុងគំនរនៃការបាក់រលំអគារកម្ពស់៧ជាន់នេះ។
ជាមួយគ្នានេះ លោកឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការកងរាជអាវុធហត្ថខេត្តព្រះសីហនុ បានបញ្ជាក់ព្រមគ្នាថា គិតត្រឹមម៉ោងនេះជនរងគ្រោះដែលស្លាប់ កើនឡើងដល់១១នាក់ហើយ ដោយរកឃើញសពជនរងគ្រោះ៤នាក់ទៀត នៅក្នុងគំនរអគារ ខណៈដែលអ្នករបួសមានចំនួន២៣នាក់ដដែល។
គួរជម្រាបថា រហូតមកដល់យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងអ្នកជួយសង្គ្រោះសរុបជាង១ពាន់នាក់ នៅតែបន្តរុករកជនរងគ្រោះនៅក្រោមគំនរអគារដែលដួលរលំកាលពីព្រឹកមិញ។
កម្លាំងជួយសង្គ្រោះនេះរួមមាន៖ នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, កងរាជអាវុធហត្ថ, នាយកដ្ឋាននគរបាលការពារព្រំដែនទឹក, កម្លាំងមូលដ្ឋានសមុទ្រកងទ័ពជើងទឹក, កងពលតូចលេខ៧០ (ក្រុមសង្គ្រោះ៧១១), តំបន់ប្រតិបត្តិការសឹករងខេត្ត, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, មន្ទីរពេទ្យបង្អែកខេត្ត, រដ្ឋបាលក្រុងព្រះសីហនុ, ក្រុមការងារក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, មន្ទីរបរិស្ថាន, អង្គភាពអគ្គិសនី, មន្ទីរពេទ្យអង្គភាពជុំវិញខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុនចិនមួយចំនួនទៀត។
ហេតុការណ៍ឧបទ្ទវហេតុរលំអគារនៅខេត្តព្រះសីហនុ បានធ្វើឲ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចូលរួមប្រជុំកំពូលអាស៊ាន នៅទីក្រុងបាងកក ប្រទេសថៃមិនស្ងប់ចិត្តនោះឡើយ។ សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់នៅលើ Facebook នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះថា «ទោះបីខ្ញុំជាប់ប្រជុំក៏ដោយក៏ខ្ញុំនៅតែតាមដាននូវដំណើរការរុករក និងសង្រ្គាះដែលយប់នេះត្រូវធ្វើទាំងយប់បន្តទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពេលទទួលដំណឹងពីការរលំអគារក្នុងពេលចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃថ្ងៃទី២២ ខែមិថុនា នេះ សម្តេចបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្គ្រោះអាយុជីវិតពលរដ្ឋ ដែលត្រូវបានអគារបាក់រលំសង្កត់ភ្លាមៗផងដែរ៕
កម្លាំងសង្គ្រោះសរុបប្រមាណ១,០០០នាក់ បានធ្វើការរុករកជនរងគ្រោះ ដែលស្ថិតក្នុងឧបទ្ទវហេតុនៃការរលំបាក់ អគារនេះចាប់តាំងពីព្រឹកព្រលឹមមក ហើយបាននិងកំពុងបន្តបេសកកម្មរបស់ខ្លួន ដើម្បីស្វះស្វែងរកជនរងគ្រោះបន្តទៀត ទោះជាស្ថិតនៅក្រោមដំណក់ទឹកភ្លៀងក៏ដោយ។ ក្រុមសង្គ្រោះបានសហការគ្នា និងរួមកម្លាំង សាមគ្គីគ្នាដើម្បីជួយសង្គ្រោះជនរងគ្រោះ។
រដ្ឋមន្ត្រី សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ សមាជិកក្រុមការងារ និងរដ្ឋបាលសាលាខេត្តព្រះសីហនុ ក្រុមប្រឹក្សាខេត្តព្រះសីហនុ បានចុះពិនិត្យដោយផ្ទាល់នៅ កន្លែងកើតហេតុ និងបានកៀរគរកម្លាំងសង្គ្រោះពីមជ្ឈដ្ឋាននានា ដើម្បីជួយសង្គ្រោះជនរងគ្រោះខ្លះដែលសង្ស័យថា បាននិងកំពុងស្ថិតនៅក្នុងគំនរបាក់បែកនោះនៅឡើយ។
ប៉ុន្តែទោះជាយ៉ាងណា មិនទាន់មានប្រភពព័ត៌មានណាមួយ អាចបញ្ជាក់ថា នៅមានមនុស្សប៉ុន្មាននាក់ទៀត កំពុងជាប់ក្នុងគំនរអគាររលំនេះទេ។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមនឹងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងក្រុមប្រឹក្សាខេត្តព្រះសីហនុ សូមសម្តែងអំណរគុណចំពោះកាយវិការមនុស្សធម៌របស់ក្រុមសង្គ្រោះទាំងអស់។ ការសង្គ្រោះដែលត្រូវបានអះអាងថា នឹងធ្វើឡើងជាប់ រហូតដល់សង្គ្រោះជនរងគ្រោះបានទាំងអស់ពីគំនរអគាររលំនេះ។