(ម៉ាឡេស៊ី)៖ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ លោក អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស បានបន្តដឹកនាំគណៈប្រតិភូកម្ពុជា អញ្ជើញចូលរួមពិធីអបអរសាទរបុណ្យថ្ងៃក្រោយរ៉យ៉ា ស្រាយបួសរៀបចំដោយក្រុមប្រឹក្សាឥស្លាមរដ្ឋសហព័ន្ធម៉ាឡេស៊ី (MAIWP) ក្រោមតំណាងរាជាធិបតីភាព ព្រះអង្គម្ចាស់ Seri Paduka Baginda Yang Di-Pertua Agong Al-Sultan Abdullah ព្រះមហាក្សត្រម៉ាឡេស៊ី ដោយរដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសាសនាម៉ាឡេស៊ី ជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការ អង្គទូត និងកុមារកំព្រាចំនួន១,២០០នាក់។
ក្រៅពីប្រារព្ធពិធីសប្បាយរីករាយ នៃបុណ្យថ្ងៃក្រោយរ៉យ៉ាស្រាយបួស ក៏មានកំព្រាចំនួន៥១០នាក់ បានសប្បាយរីករាយទទួលទានអាហារ និងប្រាក់ឧបត្ថម្ភផងដែរ។
MAIWP គឺជាស្ថាប័នរបស់រដ្ឋសហព័ន្ធម៉ាឡេស៊ី ក្នុងការរៀបចំប្រមូលថវិកាហ្សាកាត់ (បរិច្ចាគទ្រព្យ) ក្នុងមួយឆ្នាំៗទទួលបានពី១៥០ ទៅ១៩០លានដុល្លារ បានមកពីការដកប្រាក់ចំណេញប្រកបមុខរបបបងប្អូនឥស្លាមជាកាតព្វកិច្ច ក្រៅពីកាតព្វកិច្ចពន្ធ ហើយការដកប្រាក់ចំណេញនេះ ក្នុងក្របខណ្ឌឥស្លាម គឺមានកម្រិត២.៥ ភាគរយ ដែលនេះជាកាតព្វកិច្ចទី៤ សម្រាប់សាសនិកឥស្លាមគ្រប់រូបដែលមានលទ្ធភាពត្រូវអនុវត្តន៍ ដើម្បីយកទៅបែងចែកជា៧ ផ្នែកដូចជា ទូរគតជនទីទ័លក្រ, អ្នកក្រីក្រខ្វះខាត, គណៈកម្មការដែលទទួលបន្ទុកប្រមូលហ្សាកាត់ និងចែកបន្ត ដើម្បីពង្រឹងចិត្តអ្នកដែលបានចូលឥស្លាម ជនដែលត្រូវគេដោះលែងឲ្យមានសេរីភាព, អ្នកជំពាក់បំណុលគេហើយពុំមានលទ្ធភាពសងបំណុល សម្រាប់ប្រើប្រាស់ក្នុងផ្លូវអល់ឡោះ អ្នកដំណើរដែលខ្វះសោហ៊ុយបន្តដំណើតតាមផ្លូវ។
ដោយឡែកសម្រាប់សហគមន៍ឥស្លាមកម្ពុជាកន្លងមក MAIWP បានចូលរួមឧបត្ថម្ភថវិកាជាង១.៥លានដុល្លារ ក្នុងនោះសម្រាប់សាងសង់ និងទិញដីពង្រីក ទីធ្លាសាលា អាន់នៀកម៉ះភូមិ៤ សាងសង់អន្តេវាសិកដ្ឋានសិស្សនៅភូមិពោធិឥន្ទ ខេត្តត្បូងឃ្មុំ បោះពុម្ភសៀវភៅសិក្សាឥស្លាមគ្រប់កម្រិត សំលៀកបំពាក់ថ្វាយបង្គំបុរសស្រ្តី និងគ្រួសារភ្លើងឆេះផ្ទះ អណ្តូងទឹក រួមនឹងការងារមនុស្សធម៌ជាច្រើនទៀត៕