(ព្រះសីហនុ)៖ រហូតមកដល់វេលាម៉ោងប្រមាណ ៨យប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ កម្លាំងអ្នកជួយសង្គ្រោះសរុបជាង ១ពាន់នាក់ នៅតែបន្តរុករកជនរងគ្រោះនៅក្រោមគំនរអគារដែលដួលរលំកាលពីព្រឹកមិញ។ នេះបើយោងតាមសេចក្តីជូនព័ត៌មានរបស់រដ្ឋបាលខេត្តព្រះសីហនុ។
សេចក្តីជូនព័ត៌មាននេះ បានឱ្យដឹងថា កម្លាំងជួយសង្គ្រោះនេះរួមមាន៖ នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ, កងរាជអាវុធហត្ថ, នាយកដ្ឋាននគរបាលការពារព្រំដែនទឹក, កងទ័ពជើងទឹក, កងពលតូចលេខ៧០ (ក្រុមសង្គ្រោះ៧១១), តំបន់ប្រតិបត្តិការសឹករងខេត្ត, កំពង់ផែស្វយ័តក្រុងព្រះសីហនុ, មន្ទីរពេទ្យបង្អែកខេត្ត, រដ្ឋបាលក្រុងព្រះសីហនុ, ក្រុមការងារក្រសួង និងមន្ទីរការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈខេត្ត, មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត, មន្ទីរបរិស្ថាន, អង្គភាពអគ្គិសនី, មន្ទីរពេទ្យអង្គភាពជុំវិញខេត្ត សាខាកាកបាទក្រហមកម្ពុជាខេត្ត និងប្រជាពលរដ្ឋ ព្រមទាំងក្រុមហ៊ុនចិនមួយចំនួនទៀត។
ក្នុងសេចក្តីជូនព័ត៌មាន បានបញ្ជាក់ថា កម្លាំងសង្គ្រោះនឹងធ្វើសកម្មភាពជួយសង្គ្រោះរហូតដល់អស់ជនរងគ្រោះពីគំនរបាក់បែកនៃអគារ។ ក្នុងសេចក្តីជូនព័ត៌មាន បានអះអាងដែរថា រហូតមកដល់យប់នេះជនរងគ្រោះដែលបានជួយសង្គ្រោះពីក្រោមគំនរអគារ គឺមានអ្នកស្លាប់ ៧នាក់ និងរងរបួស ២៣នាក់៕