(ភ្នំពេញ)៖ ហេតុការណ៍ឧបទ្ទវហេតុរលំអគារនៅខេត្តព្រះសីហនុ បានធ្វើឱ្យប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន ចូលរួមប្រជុំកំពូលអាស៊ាននៅទីក្រុងបាងកក ប្រទេសថៃមិនស្ងប់ចិត្តនោះឡើយ។
សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់នៅលើ Facebook នៅយប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះថា «ទោះបីខ្ញុំជាប់ប្រជុំក៏ដោយក៏ខ្ញុំនៅតែតាមដាននូវដំណើរការរុករក និងសង្រ្គាះដែលយប់នេះត្រូវធ្វើទាំងយប់បន្តទៀត»។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្រោយពេលទទួលដំណឹងពីការរលំអគារក្នុងពេលចេញដំណើរមកចូលរួមប្រជុំកំពូលអាស៊ាននៅប្រទេសថៃថ្ងៃទី២២ ខែមិថុនា នេះ សម្តេចបានបញ្ជាឱ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធចុះជួយសង្គ្រោះអាយុជីវិតពលរដ្ឋដែលត្រូវបានអគារបាក់រលំសង្កត់ភ្លាមៗផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានចូលរួមសោកស្តាយយ៉ាងខ្លាំង ចំពោះការបាត់បង់អាយុជីវិតពលរដ្ឋ ដោយសារកាធ្វេសប្រហែសរបស់ក្រុមហ៊ុនសាងសង់ដែលបណ្តាលឱ្យមានគ្រោះថ្នាក់រលំអគារនេះកើតឡើង។
សូមបញ្ជាក់ថា នៅម៉ោងជិត ៥៖០០នាទីទៀបភ្លឺថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីបាក់រលំអគារកម្ពស់ ៧ជាន់ នៅជិតកន្លែងលាងរថយន្តយីហោ «អារុណរះ» ក្នុងសង្កាត់លេខ៤ ក្រុងព្រះសីហនុ។
សំណង់អគារនេះមានទំហំទទឹង១៥ម៉ែត្រ បណ្ដោយ៣០ម៉ែត្រ និងកំពុងដំណើរការសាងសង់ បានប្រមាណ៧០ ទៅ៨០ភាគរយ។ ការដ្ឋានសំណង់នេះមានម្ចាស់ឈ្មោះ Chen Kun ភេទប្រុស អាយុ៣៩ឆ្នាំ បានជួលដីសម្រាប់សាងសង់អគារពីឈ្មោះ ញឹក ហ៊ុយ ភេទប្រុស ជនជាតិខ្មែរ អាយុ៦៥ឆ្នាំ ហើយបានម៉ៅការសាងសង់ដោយក្រុមហ៊ុន XI GANG TANG GONG GOU JI HAISAO មានថៅកែម៉ៅការសាងសង់ឈ្មោះ DENG XING GUI ភេទប្រុស អាយុ៤៨ឆ្នាំ និងអ្នកម៉ៅការបូកជញ្ជាំងអគារឈ្មោះ GAO YU ភេទប្រុស អាយុ២៩ឆ្នាំ។
រហូតមកដល់វេលាម៉ោង ៥ល្ងាចថ្ងៃដដែលនេះ របាយការណ៍បានបង្ហាញថា ហេតុការណ៍ដ៏អកុសលនេះ បានធ្វើឱ្យមនុស្ស ៧នាក់បានស្លាប់ និង ២៣នាក់ បានរងរបួស។ កម្លាំងសមត្ថកិច្ចគ្រប់ផ្នែកប្រមាណជា ៧០០នាក់ បានចេញប្រតិបត្តិការជួយសង្គ្រោះជនរងគ្រោះនៅក្រោមគំនរអគាររលំសង្កត់នេះ៕