(ព្រះសីហនុ)៖ រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកវេជ្ជបណ្ឌិត អឿន បូរារត្ន័ន៍ បានថ្លែងថា មកទល់នឹងម៉ោង៧យប់ ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ អ្នករបួសចំនួន២៣នាក់ ដោយសារការបាក់រលំអគារនៅក្រុងព្រះសីហនុ ស្ថានភាពរបួសមិនធ្ងន់ធ្ងរ គ្រោះថ្នាក់ដល់អាយុជីរិតនោះទេ។
លោកវេជ្ជបណ្ឌិត បានថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅមុននេះបន្តិចថា »តាមការចាត់តាំង និងណែនាំដោយផ្ទាល់ពី រដ្ឋមន្ដ្រីសុខាភិបាល លោកសាស្រ្ដាចារ្យ ម៉ម ប៊ុនហេង ក្រុមការងាររបស់យើង បានទៅដល់ទៅទីតាំងទាំងអស់ហើយ និងកំពុងតែស្វះស្វែងពិនិត្យតាមដានស្ថានភាពជំងឺជនរងគ្រោះទាំង២៣នាក់នេះជាប់ជានិច្ច ដោយមកដល់ម៉ោងនេះ គ្មានជនរងគ្រោះណាម្នាក់ មានគ្រោះថា្នក់ដល់ជីវិតនោះទេ»។
ទោះជាយ៉ាងនេះក្ដី លោក និងមន្ដ្រីក្រុមការងារគ្រូពេទ្យជំនាញទាំងបីក្រុម រួមទាំងខេត្ដព្រះសីហនុផ្ទាល់ នៅតែបន្ដពិនិត្យស្ថានភាពជំងឺរបស់ជនរងគ្រោះទាំង២៣នាក់នេះ ដោយយកចិត្ដទុក្ខដាក់បំផុត រហូតដល់ពួកគាត់ជាសះស្បើយឡើងវិញ។
សូមជម្រាបថា រដ្ឋមន្រ្តីសុខាភិបាល លោកសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានចាត់បញ្ជូនភ្លាមៗក្រុមគ្រូពេទ្យចំនួន៣ក្រុម ដែលមកពីមន្ទីរពេទ្យលោកសង្ឃ ខេត្តកំពង់ស្ពឺ និងខេត្តកំពត ជាមួយនឹងឱសថ បរិក្ខារពេទ្យ បញ្ជូនទៅកាន់ក្រុងព្រះសីហនុភ្លាមៗ ដើម្បីចុះទៅទៅពិនិត្យ និងព្យាបាលជនរងគ្រោះ ដោយសារការបាក់រលំអគារនៅក្រុងព្រះសីហនុ ។
សូមបញ្ជាក់ថា ករណីបាក់រលំអគារនៅព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលកំពុងដំណើរការសាងសង់កម្ពស់៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅពេលនេះមានអ្នកស្លាប់៧នាក់ និងអ្នករងរបួសកើនដល់២៣នាក់ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តជួយសង្រ្គោះអ្នកជាប់ក្នុងគំនរអគារ ហើយពេលនេះ ក្រុមការងារជួយសង្គ្រោះមកពីគ្រប់កន្លែង បាននឹងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹក ដើម្បីជួយសង្គ្រោះជនរងគ្រោះ ក្នុងឧបទ្ទវហេតុបាក់រលំអគារនេះ ៕