(ភ្នំពេញ)៖ អគ្គិសនីកម្ពុជាបានឲ្យដឹងថា នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោង១៦៖៣៧នាទីរសៀល មានករណីដាច់ចរន្តអគ្គិសនីពីអនុស្ថានីយទី៩(GS9-F2&F5) មូលហេតុដោយសារមានអេស្កាវ៉ាទ័ររបស់ក្រុមហ៊ុន SINO Great Wall កាយដីប៉ះខ្សែបណ្ដាញតង់ស្យុងមធ្យម(MV)ក្រោមដី ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនីនៅតំបន់មួយចំនួនដែលស្ថិតនៅ៖ (១)សង្កាត់ផ្សារថ្មី១ សង្កាត់ផ្សារថ្មី២ សង្កាត់ផ្សារថ្មី៣ សង្កាត់បឹងរាំង សង្កាត់ចតុមុខ សង្កាត់ផ្សារកណ្ដាល២ និងសង្កាត់ជ័យជំនះខណ្ឌដូនពេញ (២)សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង (៣)សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន (៤)សង្កាត់អូរឫស្សី១ សង្កាត់អូរឫស្សី៣ និង សង្កាត់បឹងព្រលិត ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្រុមការងារបច្ចេកទេសបានធ្វើការផ្លាស់ប្តូរប្រភពផ្គត់ផ្គង់ និងភ្ជាប់ចរន្តជូនអតិថិជនឲ្យ មានចរន្តអគ្គិសនីប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១៧៖៣៨នាទីល្ងាច។
អគ្គិសនីកម្ពុជា សូមអំពាវនាវដល់ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្នខ្ពស់នៅពេលបំពេញការងារនៅជិតគន្លងខ្សែបណ្ដាញអគ្គិសនី ពីព្រោះអាចបណ្ដាលឲ្យមានការរអាក់រអួលក្នុងការផ្គត់ផ្គង់ចរន្តអគ្គិសនី និងគ្រោះថ្នាក់ជាយថាហេតុ៕