(ព្រះសីហនុ)៖ ករណីបាក់រលំអគារ ដែលកំពុងដំណើរការសាងសង់កម្ពស់៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅពេលនេះមានអ្នកស្លាប់៧នាក់ ខណៈអ្នករងរបួសកើនដល់២៣នាក់ហើយ រីឯកម្លាំងអាជ្ញាធរ សមត្ថកិច្ចកំពុងបន្តជួយសង្រ្គោះអ្នកជាប់ក្នុងគំនរអគារ។
រដ្ឋបាលខេត្ពព្រះសីហនុ រួមជាមួយក្រុមគ្រូពេទ្យជំនាញៗ បាននិងកំពុងផ្តល់នូវការព្យាបាលយ៉ាងយកចិត្តទុកដាក់បំផុតចំពោះអ្នករងរបួស និងចាត់ចែងគាំទ្រចំពោះអ្នកដែលស្លាប់បាត់បង់ជីវិត ដើម្បីធ្វើបុណ្យតាមប្រពៃណី។ ចំពោះជនរងគ្រោះដែលបាត់បង់ជីវិត រដ្ឋបាលខេត្តបានរៀបចំជាក្តារមឈូស និងថវិកា២លានរៀល អ្នកតំណាងរាស្ត្រមណ្ឌលខេត្តព្រះសីហនុ ចូលរួមថវិកា បន្ថែម ៥០ម៉ឺនរៀល ជូនគ្រួសារសពនីមួយៗ ហើយអជ្ញាធរបាន និងធ្វើការទំនាក់ទំនងគ្រសារសពដើម្បីដឹកសពទៅជូនក្រុមគ្រួសាររៀបចំធ្វើបុណ្យ តាមប្រពៃណី។
សមត្ថកិច្ចបានសម្រេចឃាត់ខ្លួនមនុស្ស៤នាក់យកទៅសួរនាំ ក្នុងនោះមានម្នាក់ជាថៅកែម៉ៅការសំណង់ និង៣នាក់ទៀតជាអ្នកពាក់ព័ន្ធ។