(ព្រះសីហនុ)៖ រហូតមកដល់ល្ងាចថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ក្រុមការងារជួយសង្គ្រោះមកពីគ្រប់កន្លែង បាននិងកំពុងធ្វើសកម្មភាពយ៉ាងមមាញឹកដើម្បីជួយសង្គ្រោះជនរងគ្រោះ ដែលសង្ស័យថា កំពុងស្ថិតនៅក្នុងគំនរបាក់បែក នៃអគារសំណង់ដែលរលំនៅក្រុងព្រះសីហនុ ដែលបានបាក់រលំកាលពីព្រឹកមិញ។
យោងតាមសេចក្តីរាយការណ៍មួយចំនួន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃនេះ បានបញ្ជាក់ថា «រហូតមកទល់ពេលនេះ ក្រុមជួយសង្គ្រោះរួមមាន៖ កម្លាំងសង្គ្រោះរបស់រដ្ឋបាលខេត្តព្រះសីហនុ, ស្នងការដ្ឋានគរបាលខេត្តចំនួន ១៥០នាក់, កម្លាំងព្រំដែនទឹកចំនួន ៤០នាក់, ក្រុមហ៊ុន Sea Sneak ,China Copperation ចំនួន១០០នាក់, កំលាំងយោធា ១២០នាក់, កម្លាំងសង្រ្គោះបន្ទាន់ (៧១១) ចំនួន៤៣នាក់, កម្លាំងអាវុធហត្ថ ១៥៧នាក់ និងខាងកម្លាំងកំពង់ផែចំនួន៦០នាក់»។
ក្រុមអ្នកជួយសង្គ្រោះទាំងនេះ ប្រកបដោយវិជ្ជាជីវៈខ្ពស់ និងបំពាក់ដោយសម្ភារពេញលេញ និងបានជួយនូវឧបករណ៍សម្រាប់កាត់ដែក និងរថយន្តស្ទួចអាចលើកទម្ងន់ ៥០តោន រួមនឹងសម្ភារសង្គ្រោះចាំបាច់ផ្សេងទៀត។
លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ រួមនឹងរដ្ឋបាលសាលាខេត្តព្រះសីហនុ និងក្រុមប្រឹក្សាខេត្តព្រះសីហនុ សូមសម្តែងអំណរគុណចំពោះកាយវិការមនុស្សធម៌របស់ក្រុមសង្គ្រោះទាំងអស់។ ការសង្គ្រោះដែលត្រូវបានអះអាងថា នឹងធ្វើឡើងជាប់ រហូតដល់សង្គ្រោះជនរងគ្រោះបានទាំងអស់ ពីគំនរអគាររលំនេះ។
បើតាមរដ្ឋបាលខេត្តព្រះសីហនុ រហូតមកទល់ពេលនេះ ការជួយសង្គ្រោះជនរងគ្រោះ នៃការរលំអគារនេះបានចំនួន ២៩នាក់ ក្នុងនោះស្លាប់ ៧នាក់ និងរបួស២៣នាក់៕