(ភ្នំពេញ)៖ ស្ពានអាកាសថ្មើរជើងទំនើបថ្មីមួយ នៅកណ្ដាលរាជធានីភ្នំពេញ ចំណុចប្រសព្វរបស់ស្ដុបនាងគង្ហីង ស្ថិតក្នុងខណ្ឌមករា ដែលចំណាយថវិកាសាងសង់ ប្រមាណ៣លានដុល្លារសហរដ្ឋអាមេរិក ត្រូវបានដាក់ឲ្យដំណើរការប្រើប្រាស់ជាផ្លូវការ នៅថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ។
ថ្វីត្បិតតែរាជធានីភ្នំពេញ ធ្លាប់មានស្ពានបែបនេះចំនួន២កន្លែងពីមុនមកក៏ពិតមែន នៅម្ដុំជម្ពូវ័ន្ដ ខណ្ឌពោធិ៍សែនជ័យ ដើម្បីសម្រួលដល់ការដើរឆ្លងថ្នល់ របស់ពលរដ្ឋ និងសិស្សានុសិស្សនោះ ប៉ុន្ដែស្ពានថ្មីមួយនេះ ហាក់មានភាពទំនើប និងប្រណិតជាង ដោយសារតែមានបំពាក់នៅជណ្ដើរយន្ដមកជាមួយ។
ជាមួយនឹងសមិទ្ធផលថ្មីនេះ ត្រូវបានប្រជាពលរដ្ឋ ពិសេសសិស្សានុសិស្សបានសម្ដែងនូវការសាទរយ៉ាងខ្លាំង ដោយពួកគេយល់ឃើញថា ស្ពាននេះនឹងបង្កលក្ខណៈងាយស្រួលក្នុងការដើរឆ្លងផ្លូវពីម្ខាងទៅម្ខាង ដោយមិនចាំបាច់ប្រឈមជាមួយរថយន្ដ ឬម៉ូតូដែលកំពុងធ្វើចរាចរណ៍នោះទេ។
ក្រៅពីការសាទរហើយនោះ សិស្សានុសិស្ស និងប្រជាពលរដ្ឋទូទៅ ក៏ចង់ឃើញស្ពានប្រភេទនេះ លេចរូបរាងជាបន្ដបន្ទាប់នៅក្នុងរាជធានីភ្នំពេញ ពិសេសនៅតំបន់ផ្លូវប្រសព្វដែលមានចរាចរណ៍មមាញឹក ពោលពួកគាត់គិតថា ប្រសិនបើមានស្ពានបែបនេះ នៅពេលពួកគាត់ឆ្លងថ្នល់ មិនជួបគ្រោះថ្នាក់ចរាចរណ៍នោះឡើយ។
យុវតីឈ្មោះ ទៀ ម៉ីជីង ជាសិស្សរៀននៅវិទ្យាល័យបាក់ទូក ក្នុងបទសម្ភាសន៍ជាមួយអង្គភាពព័ត៌មាន Fresh News បានបង្ហាញនូវអារម្មណ៍រំភើប និងសប្បាយរីករាយ នៅពេលឃើញស្ពានអាកាសថ្មើរជើងថ្មីមួយ បានសាងសង់ និងដាក់ឲ្យដំណើរការនៅកណ្ដាលរាជធានីភ្នំពេញ ទីដែលចរាចរណ៍កំពុងតែមមាញឹក។
បន្ថែមពីនេះ យុវតី ទៀ ម៉ីជីង ក៏ចង់ឲ្យអាជ្ញាធរ ពិសេសសាលារាជធានីភ្នំពេញផ្ទាល់តែម្ដង គួរធ្វើស្ពានប្រភេទនេះបន្ដទៀត ដើម្បីពួកគាត់ងាយស្រួលក្នុងការធ្វើដំណើរ ដោយមិនបារម្ភពីរឿងគ្រោះថ្នាក់ចរាចរណ៍នោះឡើយ។
យុវតីរូបនេះ បានបញ្ជាក់យ៉ាងដូច្នេះថា «មានស្ពាននេះខ្ញុំមានអារម្មណ៍ថាប្លែង ព្រោះពីមុនមកអត់ដែលមាននៅភ្នំពេញ ហើយនេះជាលើកទី១នៅប្រទេសយើង។ ខ្ញុំយល់ថាល្អនៅពេលធ្វើស្ពាននេះ ព្រោះអីពេលយើងដើរទៅមានអារម្មណ៍ថាសុវត្ថិភាព មិនចាំបាច់ត្រូវឆ្លងថ្នល់ប្រឈមជាមួយឡាន ម៉ូតូ [...] ខ្ញុំចង់បានស្ពានបែបនេះទៀត ពិសេសនៅមុខសាលា»។
មិនខុសពីគ្នាប៉ុន្មាននោះឡើយ យុវជន ដារ៉ា បានលើកឡើងថា នៅពេលបានធ្វើដំណើរឆ្លងកាត់ស្ពាន ហាក់មានអារម្មណ៍ប្លែក ព្រៀបដូចនៅប្រទេសផ្សេង ដែលមិនមែនកម្ពុជា ពោលកន្លងមកធ្លាប់ឃើញស្ពានប្រភេទនេះនៅប្រទេសផ្សេង ប៉ុន្ដែលើកនេះមាននៅក្នុងប្រទេសកម្ពុជា។
ដារ៉ា ដែលជាសិស្សរៀននៅវិទ្យាល័យបាក់ទូក ក្បែរស្ពានអាកាសថ្មើរជើងនេះ បានបញ្ជាក់ទៀតថា ប្រសិនបើអាជ្ញាធរសាងសង់ស្ពានអាកាសថ្មើរជើង បន្ថែមទៀតនៅតំបន់ផ្សេង គឺកាន់តែល្អព្រោះអ្នកធ្វើដំណើរមិនចាំបាច់ឆ្លងថ្នល់ប្រឈមជាមួយម៉ូតូ ឬរថយន្ដដែលកំពុងបើកបរតាមផ្លូវឡើយ។
យុវជន ដារ៉ា បានគូសបញ្ជាក់ «មានអារម្មណ៍ថាប្លែង ដូចនៅហុងកុង។ ស្ពាននេះល្អព្រោះបើយើងដើរនៅខាងក្រោម មានឡានម៉ូតូច្រើន ផ្លូវបំបែកច្រើន យើងឆ្លងពិបាក។ ខ្ញុំចង់ឃើញស្ពានបែបនេះ នៅកន្លែងផ្សេងទៀត»។
គួរជម្រាបថា ស្ពានអាកាសថ្មើរជើងនៅស្តុបនាងគង្ហីង ត្រូវបានចាប់ផ្តើមដំណើរការសាងសង់កាលពីអំឡុងខែតុលា ឆ្នាំ២០១៧មកម្ល៉េះ។ ស្ពាននេះសាងសង់ ក្រោមកិច្ចសហប្រតិបត្តិការ រវាងសាលារាជធានីភ្នំពេញ និងក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា (OCIC) ដោយចំណាយថវិកាប្រមាណ ៣លានដុល្លារអាមេរិក។
ស្ពាននេះ សាងសង់ឡើងដើម្បីសម្រួលការធ្វើដំណើរឆ្លងកាត់បណ្តាផ្លូវនានា នៅជុំវិញរង្វង់មូលនាងគង្ហីងតែម្តង។ ផ្លូវនេះត្រូវបានចាក់សសរស្ពានចំនួន៦កន្លែង នៅជុំវិញរង្វង់មូល។ ក្រោយសាងសង់ស្ពានអាកាសថ្មើរជើងនេះ នឹងជួយកាត់បន្ថយការកកស្ទះចរាចរណ៍ ក៏ដូចជាបង្កើនសុវត្ថិភាព ដល់អ្នកថ្មើរជើងផងដែរ៕