(ភ្នំពេញ)៖ អគ្គិភ័យឆេះឃ្លាំងស្ដុកហ្គាស និងរាលដល់ផ្ទះវីឡាជាប់នោះ នៅរសៀលថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ ស្ថិតក្នុងតាមបណ្ដោយផ្លូវ៥៦R១ ក្រុម៤ ភូមិទួលថ្ងាន់ សង្កាត់ទួលសង្កែទី២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ កម្លាំងសមត្ថកិច្ចបានរួមដៃគ្នាអន្ដរាគមន៍ពន្លត់ បានដោយជោគជ័យហើយ ក្រោយប្រើពេលប្រមាណ៤ម៉ោង។

របាយការណ៍របស់សមត្ថកិច្ច ដែលអង្គភាពព័ត៌មាន Fresh News ទទួលបានបញ្ជាក់ថា ឃ្លាំង និងផ្ទះវីឡាខាងលើ មានម្ចាស់ឈ្មោះ សេង ហួត ភេទប្រុស អាយុ៤២ឆ្នាំ មុខរបរមន្រ្តីនគរបាលជាតិ នៃក្រសួងមហាផ្ទៃ ហើយមូលហេតុដែលនាំឲ្យមានគ្រោះអគ្គិភ័យនេះ បណ្ដាលមកពីជាងផ្សារដែកធ្វើឲ្យធ្លាក់កម្ទេចធូបផ្សារដែកបង្កជាអគ្គិភ័យ។

ដោយឡែក ទំហំនៃការខូចខាត ឆេះឃ្លាំងស្តុកទុកហ្គាស និងចង្រ្កានហ្គាស សង់ពីថ្មេបេតុងប្រក់ស័ង្កសី ទំហំ២០ម៉ែត្រ គុណ២៨ម៉ែត្រ អស់ចំនួន០១ឃ្លាំង (អស់ទាំងស្រុង) និងឆេះផ្ទះវីឡានៅជាន់ទី២, ជាន់ទី៣ និងទី៤ ឆេះអស់ទាំងស្រុង ព្រមទាំងសម្ភារមួយចំនួនធំទៀត ដោយគិតជាទឹកប្រាក់អស់ប្រមាណខ្ទង់សែនដុល្លារ។

សមត្ថកិច្ចបានបញ្ជាក់ថា សម្រាប់ប្រតិបត្តិការនៃការជួយសង្គ្រោះវិញ សមត្ថកិច្ចប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ចំនួន១៨គ្រឿង ប្រើប្រាស់ទឹកអស់៥២ឡាន, រថយន្តអគ្គិភ័យ ក្រសួងមហាផ្ទៃ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់០៦ឡាន, រថយន្តអគ្គិភ័យ កងរាជអាវុធហត្ថរាជធានីភ្នំពេញ ចំនួន០៣គ្រឿង ប្រើប្រាស់ទឹកអស់២០ឡាន, រថយន្តអគ្គិភ័យ OCIC ជ្រោយចង្វា ចំនួន០៧គ្រឿង ប្រើប្រាស់ទឹកអស់១៤ឡាន, រថយន្តអគ្គិភ័យសាលាខណ្ឌឫស្សីកែវ ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន, រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន និងរថយន្តអគ្គិភ័យស្រាបៀរហ្គេនស្បឺត ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់០២ឡាន។

យ៉ាងណាមិញ ក្នុងគ្រោះថ្នាក់សង្គមមួយនេះ មិនបណ្ដាលឲ្យពលរដ្ឋណាម្នាក់ស្លាប់ ឬរបួសធ្ងន់ធ្ងរនោះទេ ពោលរងរបួសស្រាល២នាក់ ទី១៖ឈ្មោះ សេក ធឿន ភេទប្រុស អាយុ៥៥ឆ្នាំ មុខរបរមន្រ្តីនគរបាលជាតិ និងទី២៖ឈ្មោះ ឡៃ អៀង ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរបុគ្គលិកអគ្គិភ័យក្រុមហ៊ុនOCIC ទីក្រុងជ្រោយចង្វារ៕