(ព្រះសីហនុ)៖ រហូតមកដល់ពេលនេះ ក្រុមអាជ្ញាធរ និងសមត្ថកិច្ចជាច្រើននាក់ បាននិងកំពុងជួយសង្គ្រោះជនរងគ្រោះ ដែលត្រូវបានអគារបាក់រលំសង្កត់លើ បណ្តាលឲ្យស្លាប់ និងរបួសជាច្រើននាក់។
ជាក់ស្តែងក្រុមសង្រ្គោះ៧១១ កងពលតូចថ្មើជើងលេខ៧០ជាច្រើននាក់ រួមជាមួយសមត្ថកិច្ចផ្សេងទៀត បាននាំគ្នាគាស់កកាយទាញជនរងគ្រោះពីគំនរបែកបាក់ នៃអគារដែលបានបាក់ដួលរលំ និងបានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗផងដែរ។
រដ្ឋបាលខេត្តព្រះសីហនុ បានចេញសេចក្តីប្រកាសព័ត៌មានថ្មីមួយទៀតដោយបញ្ជាក់ថា ករណីបាក់រលំអគារនៅព្រឹកព្រលឹមថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩ ដែលកំពុងដំណើរការសាងសង់ កម្ពស់៧ជាន់ មានទីតាំងស្ថិតនៅភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅពេលនេះមានអ្នកស្លាប់៧នាក់ និងអ្នករងរបួសកើនដល់២១នាក់ ខណៈកម្លាំងសមត្ថកិច្ចកំពុងបន្តជួយសង្រ្គោះអ្នកជាប់ក្នុងគំនរអគារ។