Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្រ្តីពាណិជ្ជកម្ម ដឹកនាំប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ាន ស្តីពីកិច្ចព្រមព្រៀងភាពជាដៃគូ សេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់

22-06-2019 17:05

(បាងកក-ប្រទេសថៃ)៖ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្ម និងជារដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានសម្រាប់កម្ពុជា នៅថ្ងៃទី២១-២២ ខែមិថុនា ឆ្នាំ២០១៩នេះ បានចូលរួមកិច្ចប្រជុំពិសា អាហារការងារពេលល្ងាច និងបានដឹកនាំគណៈប្រតិភូកម្ពុជា ចូលរួមកិច្ចប្រជុំពិសេសរដ្ឋមន្រ្តីសេដ្ឋកិច្ច សេដ្ឋកិច្ចអាស៊ាន ស្តីពីកិច្ចព្រមព្រៀង ភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (Special ASEAN Economic Ministers Meeting on RCEP) នៅទីក្រុងបាងកក ប្រទេសថៃ ដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តី និងប្រតិភូមកពីប្រទេសសមាជិកអាស៊ានទាំង១០ និងលេខាធិការដ្ឋានអាស៊ាន។

ក្នុងកិច្ចប្រជុំនេះ រដ្ឋមន្រ្តី ប៉ាន សូរស័ក្ដិ បានស្នើឲ្យរដ្ឋមន្រ្តីសេដ្ឋកិច្ចអាស៊ានទាំងអស់ជួយគាំទ្រ និងជំរុញបន្ថែមដល់អ្នកចរចាទាំងអស់ ឲ្យខិតខំប្រឹងប្រែងបន្ថែម សំដៅបញ្ចប់ការចរចាកិច្ចព្រមព្រៀង RCEP នៅក្នុងឆ្នាំ២០១៩នេះ តាមអាណត្តិដែលផ្តល់ឲ្យដោយប្រមុខដឹកនាំ នៃប្រទេសចរចា RCEP ទាំង១៦ កាលពីកិច្ចប្រជុំកំពូល RCEP លើកទី២ ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៨ នៅប្រទេសសឹង្ហបុរីកន្លងទៅ។

ការបញ្ចប់កិច្ចព្រមព្រៀង RCEP នេះ នឹងអាចជួយរក្សាស្ថិរភាពនយោបាយ និងសេដ្ឋកិច្ចសកលលោក ព្រមទាំងផ្តល់សញ្ញាទៅកាន់ពិភពលោកថា យើងគាំទ្រប្រព័ន្ធពាណិជ្ជកម្មសេរីពហុភាគី ដោយប្រឆាំងគោលនយោបាយគាំពារនិយម និងការរីករាលដាល នៃសង្រ្គាមពាណិជ្ជកម្ម។

ក្នុងនោះ កម្ពុជាក៏បានស្នើឲ្យប្រទេសចរចាផ្សេងទៀត ផ្តល់នូវប្រព្រឹត្តកម្មពិសេស និងការបើកច្រកទីផ្សារដល់ប្រទេសអភិវឌ្ឍន៍តិចតួចបន្ថែម ស្របតាមគោលការណ៍ណែនាំ ដែលបានឯកភាពគ្នាកាលពីឆ្នាំ២០១២ផងដែរ៕