(ភ្នំពេញ)៖ ក្រសួងទេសចរណ៍ សហការជាមួយស្ថានទូតឥណ្ឌាប្រចាំនៅកម្ពុជា និងស្ថាប័នពាក់ព័ន្ធបានរៀបចំធ្វើទិវាយោគៈអន្តរជាតិលើកទី៥ (The 5th International Day of YOGA) នៅថ្ងៃទី២២-២៣ ខែមិថុនា ឆ្នាំ២០១៩ នៅបណ្តាទីតាំងដូចខាងក្រោម៖

១. នៅរាជធានីភ្នំពេញ ថ្ងៃទី២២ ខែមិថុនា វេលាម៉ោង ៧៖០០នាទីព្រឹក នៅបរិវេណពហុកីឡដ្ឋានជាតិអូឡាំពិក។
២. នៅខេត្តព្រះសីហនុ ថ្ងៃទី២២ ខែមិថុនា វេលាម៉ោង ៧៖០០នាទីព្រឹក នៅបរិវេណឆ្នេរសុខា។
៣. នៅខេត្តសៀមរាប ថ្ងៃទី២៣ មិថុនា វេលាម៉ោង ៧៖០០នាទីព្រឹក នៅបរិវេណមុខប្រាសាទអង្គរវត្ត។
៤. នៅខេត្តបាត់ដំបង ថ្ងៃទី២៣ ខែមិថុនា វេលាម៉ោង ៧៖០០នាទីព្រឹក នៅបរិវេណមុខសាលាខេត្តបាត់ដំបង។

លោក ប៉ាក់ សុខុម រដ្ឋលេខាធិការក្រសួងទេសចរណ៍ បានចូលរួមជាកិត្តិយសក្នុងពិធីនេះនៅរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោកស្រី Manika Jain ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋឥណ្ឌាប្រចាំនៅកម្ពុជា ដោយមានការចូលរួមពីតំណាងក្រសួងអប់រំ យុវជន និងកីឡា តំណាងសាលារាជធានី ខេត្ត ស.ស.យ.ក គ្រូបង្វិកយោគៈមកពីប្រទេសឥណ្ឌា និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិផងដែរ។

ព្រឹត្តការណ៍យោគៈ មិនត្រឹមតែមានអត្ថប្រយោជន៍យ៉ាងច្រើនចំពោះសុខភាពប៉ុណ្ណោះទេ តែបានអប់រំផ្លូវចិត្តស្ងប់អារម្មណ៍ ធ្វើឲ្យមនុស្សស្រឡាញ់សុខសន្តិភាព។

តាមរយៈព្រឹត្តិការនេះ កម្ពុជាបានចូលរួមអបអរជាមួយបណ្តាប្រជាជាតិនានានៅក្នុងពិភពលោក ហើយគោលដៅទេសចរណ៍ដ៏ល្អៗរបស់កម្ពុជានឹងត្រូវបានធ្វើ
ការផ្សព្វផ្សាយដល់ភ្ញៀវទេសចរអន្តរជាតិរាប់លាននាក់នៅទូទាំងពិភពលោកបានស្គាល់កម្ពុជាបន្ថែមទៀត។

យើងទទួលបានផលចំណេញ់ច្រើន ក្នុងការផ្សព្វផ្សាយទៅលើបណ្តាញផ្សព្វផ្សាយអន្តរជាតិ ជាពិសេសនៅពេលថ្មីៗនេះ ប្រាសាទអង្គររបស់កម្ពុជាបានទទួលចំណាត់ថ្នាក់លេខ១ ជាសំណង់ប្រវត្តិសាស្ត្រដ៏អស្ចារ្យបំផុតលើលោកសម្រាប់ឆ្នាំ២០១៨ ដោយក្រុមប្រឹក្សាយោបល់ TripAdvisor និងនៅឆ្នាំ២០១៩នេះ ទីក្រុងសៀមរាបទទួលបានចំណាត់ថ្នាក់ជាគោលដៅទេសចរណ៍លេខ១ ក្នុងចំណោមបណ្តាទីក្រុងទាំង៩៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ពីគេហទំព័រ You Discover ដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ ដែលជាមោទនភាពរបស់កម្ពុជានៅលើឆាកអន្តរជាតិ សាកសមទៅនឹងការប្រសិទ្ធនាម «កម្ពុជា៖ ព្រះរាជាណាចក្រអច្ឆរិយៈ ប្រកបដោយភាពកក់ក្តៅ» (Cambodia: Kingdom of Wonder - Feel the Warmth) ។

ក្នុងឆ្នាំ២០១៨ កម្ពុជាទទួលបានទេសចរអន្តរជាតិ ៦.២លាននាក់ ក្នុងកំណើន ១០.៧% ក្នុងនោះទេសចរឥណ្ឌាមានចំនួន ៦៥,៨៨២នាក់ ក្នុងកំណើន ១០.៦%។ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០១៩ កម្ពុជាទទួលបានទេសចរអន្តរជាតិ ១លាន៨៧ម៉ឺននាក់ កើនឡើង ៩.៧%។

តាមរយៈព្រឹត្តការណ៍ដ៏សំខាន់នេះ កម្ពុជាសង្ឃឹមថានឹងចូលរួមដល់កំណើនភ្ញៀវទេសចរណ៍អន្តរជាតិ កម្ពុជារំពឹងថានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិចំនួនជាង ៦.៦លាននាក់ ក្នុងឆ្នាំ២០១៩ ហើយនៅឆ្នាំ២០២០ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណជាង ៧លាននាក់ ផងដែរ។

ព្រឹត្តិការណ៍ទិវាយោគៈអន្តរជាតិឆ្នាំនេះ ប្រព្រឹត្តទៅប្រកបដោយជោគជ័យ និងលទ្ធផលល្អដោយមានកិច្ចសហការគាំទ្រពីក្រសួងទេសចរណ៍ និងស្ថាប័នពាក់ព័ន្ធ ពិសេសបានផ្តល់ឱកាសដ៏វិសេសវិសាលក្នុងការពង្រីកការផ្សព្វផ្សាយ គោលដៅទេសចរណ៍កម្ពុជាទៅកាន់ពិភពលោក៕