(ស្វាយរៀង)៖ ដើម្បីស្រាយមន្ទិលសង្ស័យរបស់បងប្អូនប្រជាពលរដ្ឋ នៅស្រុកចន្ទ្រា ខេត្តស្វាយរៀង ដែលថ្មីៗនេះលឺពាក្យចចាមអារាមតៗគ្នាថា មានក្រុមចោរជិះរថយន្តទម្លាក់គ្នីគ្នានៅឃុំព្រៃគគីរ ឲ្យដើរលួចព្រទ្យសម្បត្តិរបស់ប្រជាពលរដ្ឋនោះ នៅព្រឹកថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០១៩នេះ លោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង បានដឹកនាំកងកម្លាំងក្រោម ឱវាទពាក់ព័ន្ធ ចុះធ្វើវេទិកាសាធារណៈ និងផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាពទាំង៩ចំណុច ដល់អាជ្ញាធរ ប្រជាពលរដ្ឋ និងប្រជាការពារ មកពី៥ភូមិនៃឃុំព្រៃគគីរ។

លោកឧត្តមសេនីយ៍ទោ កឹង ឃន បានថ្លែងថា ដើម្បីលើកកម្ពស់ការងារសន្តិសុខសណ្តាប់ធ្នាប់សង្គម និងដោះស្រាយកង្វល់របស់ពលរដ្ឋនៅថ្នាក់មូលដ្ឋាន ក្នុងនាមលោកជា ស្នងការនគរបាលខេត្តស្វាយរៀង បានណែនាំដល់កងកម្លាំងជាប្រចាំឲ្យខិតខំការពារសន្តិសុខ សណ្តាប់ធ្នាប់ជូនពលរដ្ឋនៅគ្រប់មូលដ្ឋាន នៃខេត្តស្វាយរៀង គឺធ្វើយ៉ាងឲ្យពលរដ្ឋរស់នៅបានសុខសាន្ត ជាពិសេសបានអនុវត្តយ៉ាងម៉ឺងម៉ាត់ នូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពទាំង៩ចំណុច ដែលរាជរដ្ឋាភិបាលបានចេញ ក្នុងនោះកម្លាំងបានការពារសន្តិសុខបានល្អប្រសើរជូនប្រជាពលរដ្ឋ ក៏ដូចបានបង្ក្រាបបទល្មើសផ្សេងៗ បានជាច្រើនករណីរាប់ទាំងករណីបង្ក្រាបគ្រឿងញៀន ដ៏ធំឆ្លងដែនផងដែរ។

លោកស្នងការ បានបញ្ជាក់ថា បើមានការសង្ស័យជនមិនស្គាល់មុខណា ចូលក្នុងភូមិហើយគិតថាមិនមែនជាមនុស្សល្អនោះ ត្រូវរាយការជាបន្ទាន់ទៅអាជ្ញាធរមូលដ្ឋាន ក៏ដូចជាកងកម្លាំងសមត្ថកិច្ចដែលនៅកៀកបំផុត ដើម្បីឲ្យសមត្ថកិច្ចយើងមកសួរនាំក្នុងន័យពង្រឹងសន្តិសុខ សុវត្ថិភាពនៅមូលដ្ឋានឲ្យកាន់ប្រសើរឡើង។

សូមបញ្ជាក់ថា ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ស្នងការ បានស្តាប់ការលើកឡើងពីក្តីកង្វល់ និងសំណូមពររបស់ប្រជាពលរដ្ឋ ព្រមទាំងបានពន្យល់បកស្រាយ អំពីសភាពការណ៍ និងពាក្យចចាមអារ៉ាមដែលកើតមាន ឡើងកន្លងមក ដើម្បីឲ្យពួកគាត់បានយល់ជ្រួតជ្រាប និងដោះស្រាយពីសំណូមពរ ជូនបងប្អូនប្រជាពលរដ្ឋដែរ៕